(ប៊ែរឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឲ្យដឹងថា អ្នកនយោបាយប្រឆាំងនៅរុស្សី លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) គឺត្រូវបានគេបំពុលដោយ សារធាតុពុលម្យ៉ាង ឬភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទឈ្មោះថា Novichok។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ ស្លាកស្នាមនៃថ្នាំពុលបំផ្លាញប្រព័ន្ធប្រសាទមានឈ្មោះថា Novichok ត្រូវបានគេប្រទះឃើញនៅក្នុងសំណាក ដែលបានយកចេញពីមេដឹកនាំ ប្រឆាំងរស្ស៊ី លោក Alexei Navalny ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងប៊ែរឡាំង។

គួរជម្រាបថា លោក Alexei Navalny ជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់ប្រឆាំងប្រធានាធិបតីរុស្សី លោក វ្ល៉ឌីមៀ ពូទីន (Vladimir Putin) បានសន្លប់បន្ទាប់ពីទទួលទានទឹកតែ ដែលត្រូវបានក្រុមអ្នកគាំទ្ររបស់លោកអះអាងថា មានជាតិពុល។ សារធាតុមីគីពុល Novichok ត្រូវបានផលិតតាំងពីសម័យសូវៀត មកម្ល៉េះ៕