(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានបង្ហាញថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៣,៣៨៧,៥០០ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៧,២៦៦ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ១,០៥៧នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦១,៥២៩នាក់។

គួរជម្រាបថា បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុបចំនួន ៧៤២,០២៣នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ខណៈ ២,៥៨៣,៩៤៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលបានការព្យាបាលជោគជ័យ។

ប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានផ្តោតជាខ្លាំង ក្នុងការបង្កើនការធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ ទន្ទឹមគ្នានេះ ឥណ្ឌាក៏កំពុងប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងដោយខ្លួនឯង ដើម្បីការពារប្រយុទ្ធប្រឆាំង ជាមួយជំងឺឆ្លងរាតត្បាតជាសកលនេះផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួន ៣៩,៤៧៧,៨៤៨នាក់ ក្នុងនោះមានសំណាកចំនួន ៩០១,៣៣៨នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ៕