(នូវែលសេឡង់)៖ តុលាការមួយនៅក្នុងប្រទេសនូវែលសេឡង់ បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស ៥១នាក់ ក្នុងវិហារអ៉ីស្លាមចំនួនពីរកន្លែង «ដាក់ពន្ធនាគារអស់មួយជីវិត» ដោយមិនមានលក្ខខណ្ឌដោះលែង ធ្វើឱ្យជននេះក្លាយជាមនុស្សដំបូងបំផុត ក្នុងប្រទេសនូវែលសេឡង់ ដែលទទួលទោសបែបនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

ជនជាប់ចោទឈ្មោះ ប្រិនតុន ថារែនត៍ (Brenton Tarrant) ជាជនជាតិអូស្ត្រាលី ធ្លាប់បានសារភាពពីទោសកំហុស ពីបទសម្លាប់ជនមូស្លីម ៥១នាក់ និងប៉ុនប៉ងសម្លាប់មនុស្ស ៤០នាក់ទៀត ហើយរូបគេក៏ត្រូវបាន ចោទប្រកាន់ពីបទភេវកម្មផងដែរ។ កំឡុងការប្រកាសសាលក្រម នៅថ្ងៃព្រហស្បតិ៍នេះ លោកចៅក្រម ខេមមើរ៉ូន មែនដឺ (Cameron Mander) នៃតុលាការក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) បានចាត់ទុកថា សកម្មភាពរបស់ជនឈ្មោះ Brenton Tarrant គឺជាទង្វើសាហាវឃោរឃៅ មិនសមទទួលការលើកលែងទោស។ លោកចៅក្រម Mander បានលើកឡើងយ៉ាងដូច្នេះថា «បទឧក្រិដ្ឋរបស់អ្នក គឺអាក្រក់ហួសហេតុ ហើយទោះបីជាអ្នកជាប់ពន្ធនាគាររហូតដល់ស្លាប់ ក៏មិនគ្រប់គ្រាន់នោះដែរ»

គួរបញ្ជាក់ថា Brenton Tarrant បាននិយាយតាមរយៈពេលមេធាវីរបស់ខ្លួនថា លោកមិនប្រឆាំងជំទាស់នឹងសាលក្រម កាត់ទោសដាក់ពន្ធនាគារ ដោយគ្មានលក្ខខណ្ឌ ដោះលែងនោះទេ។ Tarrant បានបាញ់សម្លាប់មនុស្ស ៥១នាក់ ក្នុងវិហារអ៉ីស្លាម ០២កន្លែងក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ហើយរូបគេក៏បាន Live ផ្ទាល់នូវសកម្មភាពប្រព្រឹត្តអំពើភេរវកម្មកាលណោះ នៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ ដោយធ្វើឱ្យពិភពលោករំជើបរំជួលជាខ្លាំង៕