(អាមេរិក)៖ ក្រុមហ៊ុនស្រាវជ្រាវឱសថអាមេរិក ម៉ូឌែណា (Moderna) បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់ខ្លួនដែលកំពុងស្ថិតនៅក្រោមការធ្វើតេស្ដ បានជំរុញភាពសកម្មនៃប្រព័ន្ធសុំា នៅក្នុងខ្លួនមនុស្សមានវ័យចំណាស់ ដូចគ្នាទៅនឹងមនុស្សវ័យក្មេង ដែលបានចូលរួមនៅក្នុងការធ្វើតេស្ដ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

បើតាមក្រុមហ៊ុន Moderna តាមរយៈការធ្វើតេស្ដវ៉ាក់សាំងបានបង្ហាញថា បម្រែបម្រួលនៃប្រព័ន្ធភាពសុំា នៅក្នុងខ្លួនមនុស្សមានវ័យចន្លោះពី ៥៦-៧០ឆ្នាំ ឬលើស ៧០ឆ្នាំ និងមនុស្សមានវ័យពី ១៨-៥៥ឆ្នាំ គឺមានលក្ខណៈដូចគ្នា ដែលនេះបាននិងកំពុងផ្ដល់ក្ដីសង្ឃឹមថា វ៉ាក់សាំងរបស់ខ្លួន នឹងមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សចាស់ ដែលត្រូវបានគេចាត់ទុកជាក្រុមមនុស្ស ប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការស្លាប់ក្រោយឆ្លង COVID-19។

គួរបញ្ជាក់ថា Moderna គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែកកំពុងនាំមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨២០,០០០នាក់ ទៅហើយនៅទូទាំងពិភពលោក។ វ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ មានលេខកូដសម្គាល់ mRNA-1273 បានឈានចូលក្នុងតំណាក់កាលចុងក្រោយ នៃការធ្វើតេស្ដលើមនុស្ស ដើម្បីត្រួតពិនិត្យ និងតាមដានពីប្រសិទ្ធភាពរួមទាំងសុវត្ថិភាព។ សហរដ្ឋអាមេរិក ធ្លាប់បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា ខ្លួននឹងទទួលបានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០ ខាងមុខនេះតែម្តង៕