(ប្រេស៊ីឡា)៖ សមាជិកព្រឹទ្ធសភាប្រេស៊ីលលោក ហ្វ្លាវីយ៉ូ បូលសូណារ៉ូ (Flavio Bolsonaro) ដែលត្រូវជាកូនប្រុសច្បងរបស់ លោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

លោក Flavio Bolsonaro បានប្រាប់គ្រប់គ្នា តាមរយៈគណនី Twitter ថា លោកស្ថិតក្នុងស្ថានភាពធម្មតា ដោយមិនទាន់មានចេញ រោគសញ្ញាអ្វីនោះឡើយ ហើយលោកក៏កំពុងតែទទួលការព្យាបាលដោយថ្នាំ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) និង អាស៊ីស្រូម៉ាយស៊ីន (azithromycin) ផងដែរ។ លោក Flavio អាយុ ៣៩ឆ្នាំ គឺជាសមាជិកទី ៤ ហើយនៃក្រុមគ្រួសារប្រធានាធិបតីប្រេស៊ីល ដែលបានឆ្លងជំងឺ COVID-19។

ដោយឡែកប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro វិញបានឆ្លងជំងឺ COVID-19 កាលពីថ្ងៃទី០៧ ខែកក្កដា ខណៈភរិយារបស់លោក គឺលោកជំទាវ មីឈែល បូលសូណារ៉ូ (Michelle Bolsonaro) បានឆ្លងកាលពីថ្ងៃទី៣០ ខែកក្កដា។ គូស្វាមីភរិយាទាំងពីររូបនេះ ក៏បានជាសះស្បើយពី COVID-19 វិញរួចទៅហើយដែរ។

គួរបញ្ជាក់ថា ប្រេស៊ីលក្នុងនាមជាប្រទេស​កំពុងរងគ្រោះលំដាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិកនោះ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ​មានករណីឆ្លង COVID-19 សរុបជាង ៣.៦លានករណី ក្នុងនោះស្លាប់ ១១៦,៥៨០នាក់ និងជាសះស្បើយវិញជាង ២.៨លាននាក់៕