(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជិត ៤,៩០០ករណីបន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតគិតចាប់តាំងពីខែឧសភា ខណៈរដ្ឋមន្រ្តីសុខាភិបាលបារាំង ទទួលស្គាល់ពីហានិភ័យនៃការកើន ឡើងជាថ្មីនូវចំនួនករណីឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលបារាំង បានគូសបញ្ជាក់ទៀតថា ការធ្វើតេស្តវិជ្ជមាននូវវីរុសកូរ៉ូណា (COVID-19) ថ្មីៗចំនួន ៤,៨៩៧ករណីនេះ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយវាក៏ជាតួលេខកើនឡើងយ៉ាងខ្លាំង ខ្ពស់ជាងតួលេខអ្នកឆ្លង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ កន្លងទៅនេះដែលមានត្រឹមតែ ៣,៦០២ករណី។

លើសពីនេះទៅទៀត វាក៏ជាតួលេខឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសបារាំងផងដែរ បើគិតចាប់តាំងពី COVID-19 បានឆ្លងរាតត្បាតកាលពីខែឧសភាមក ពោលគឺក្រោយ ដាក់ចេញនូវវិធានការបិទប្រទេសរយៈពេល ០២ខែ ដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។ ជុំវិញ ការកើនឡើងករណីឆ្លងនេះដែរ រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវា វែរ៉ង់ (Olivier Veran) បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែត ឡឺ ហ្សួរណាល់ ឌុយម៉ង់ (Le Journal du Dimanche) ដូច្នេះថា «យើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលមានហានិភ័យខ្ពស់»។

លោក Veran បានសង្កត់ធ្ងន់ថា COVID-19 បានឆ្លងរាលដាលក្នុងចំណោមមនុស្សមានវ័យក្រោម ៤០ឆ្នាំ ច្រើនជាងវ័យ ៦៥ឆ្នាំ។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភ គឺយុវជនទាំងនោះអាចចម្លងជំងឺនេះ ទៅមនុស្សចាស់បាន និងអាចមានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ ឬក៏បាត់បង់ជីវិតតែម្តង។

គួរបញ្ជាក់ រហូតមកដល់ពេលនេះ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុបចំនួន ២៤២,៨៩៩ករណី ក្នុងនោះមានអ្នកស្លាប់មានចំនួន ៣០,៥១៣នាក់ និងជាសះស្បើយចំនួន ៨៤,៩៧៣នាក់៕