(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរទៅដល់មន្ទីរពេទ្យ នៃទីក្រុងតូក្យូហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ខណៈសាក្សីបានប្រាប់សារព័ត៌មាន Reuters អំពីវត្តមានរបស់លោក អាបេ នៅមន្ទីរពេទ្យនេះ ចំពោះមុខការព្រួយបារម្ភពីសាធារណជនជប៉ុនកាន់តែខ្លាំង អំពីសុខភាពរបស់មេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះ។

បើតា មប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនប្រាប់កាសែត យ៉ូមីអ៊ូរិ (Yomiuri) បានឲ្យដឹងទៀតថា លោក អាបេ ធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ដើម្បីទទួលលទ្ធផលនៃការពិនិត្យសុខភាព ដែលលោកបានធ្វើរហូតដល់ទៅ ៧ម៉ោងកាលពីមួយសប្តាហ៍មុន។ លោក អាបេ ត្រូវបានគេមើលឃើញថា បានទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរបំផុត ជុំវិញការដឹកនាំប្រទេសជប៉ុន អំឡុងវិបត្តិជំងឺសកល COVID-19។

គួរបញ្ជាក់ថា កាសែតក្នុងស្រុករបស់ជប៉ុន បានរាយការណ៍អំពីភាពមិនប្រក្រតី នៃសុខភាពរបស់លោក អាបេ នៅក្នុងខែសីហានេះ ដោយយោងទៅលើការពិនិត្យ ល្បឿននៃការធ្វើដំណើររបស់លោក អំឡុងការចូលរួមកិច្ចប្រជុំម្តងៗ។ ដោយឡែកទស្សនាវត្តីមួយទៀតរបស់ជប៉ុនមានឈ្មោះថា Flash ធ្លាប់បានចុះផ្សាយថា លោក អាបេ បានក្អួតចេញឈាម នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា ប៉ុន្តែមិនមានប្រភពផ្លូវការណាមួយ បានចេញមុខបញ្ជាក់កាលពិតនៅឡើយទេ រហូតមកទល់នឹងពេលនេះ៕