(ម៉ានីល)៖ ប្រទេសហ្វីលីពីនគ្រោងនឹង ដំណើរការការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់រុស្ស៊ី លើមនុស្សនៅក្នុងខែតុលាខាងមុខនេះ ហើយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានរំពឹងអាចនឹងទទួលការចាក់វ៉ាក់សាំង នៅខែឧសភា ឆ្នាំ២០២១។ នេះបើតាមសម្តីអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

លោក ហារី រ៉ូក (Harry Roque) ដែលជាអ្នកនាំពាក្យលោក ឌូតឺតេ ធ្វើការប្រកាសដូចខាងលើ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រហ្វីលីពីន បានជួបជាមួយអ្នកតំណាងមកពីវិទ្យាស្ថានរុស្ស៊ី ហ្គាម៉ាឡាយ៉ា (Gamaleya) ដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដ និងព័ត៌មានពីការចាក់វ៉ាក់សាំង។ រុស្ស៊ីកាលពីថ្ងៃអង្គារកន្លងទៅ បានក្លាយជាប្រទេសដំបូងគេបំផុតនៅលើ ពិភពលោកដែលបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 ដែលត្រូវបានដាក់ឈ្មោះថា Sputnik V។

ទោះជាយ៉ាងណា ការសម្រេចចិត្តដោយមិនទាន់ឆ្លងកាត់ការធ្វើតេស្ដលើមនុស្ស ក្នុងតំណាក់កាលទី ៣ បានបង្កការសង្ស័យ និងការព្រួយបារម្ភ នៅក្នុងចំណោមអ្នកជំនាញសុខាភិបាលមួយចំនួន ដែលភ័យខ្លាចថា រុស្ស៊ីចុះបញ្ជីវ៉ាក់សាំង COVID-19 គឺគ្រាន់តែបង្ហាញជោគជ័យ ដើម្បីមុខមាត់របស់ខ្លួនជាជាងសុវត្ថិភាព បើទោះជាទីក្រុងម៉ូស្គូបានច្រានចោល ការចោទប្រកាន់បែបនេះ រួចទៅហើយក៏ដោយ។

គួរបញ្ជាក់ថា បើតាមលោក Harry Roque ការធ្វើតេស្ដវ៉ាក់សាំងតំណាក់កាលទី ៣ លើមនុស្ស គ្រោងនឹងធ្វើឡើងពីខែតុលា ដល់ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីអ្នកជំនាញ វ៉ាក់សាំងមួយក្រុម បញ្ចប់ការត្រួតពិនិត្យទាំងស្រុង លើការធ្វើតេស្ដវ៉ាក់សាំងរុស្ស៊ី តំណាក់កាលទី ១ និងទី ២ នៅក្នុងខែកញ្ញាខាងមុខ។ លោក ឌូតឺតេ ធ្លាប់បានសន្យាថា ហ្វីលីពីនអាចនឹងត្រឡប់ទៅរកស្ថានភាពដូចដើមវិញ នៅខែធ្នូខាងមុខនេះ ខណៈចំនួនឆ្លងនៅក្នុងប្រទេសមានច្រើនជាង ១៤៣,០០០នាក់ ក្នុងនោះស្លាប់ ២,៤០៤នាក់ ហើយក្រៅតែពីរុស្ស៊ី ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏ចង់បានវ៉ាក់សាំងពីចិនផងដែរ៕