(សេអ៊ូល)៖ កូរ៉េខាងត្បូងមានគម្រោងចាប់ផ្ដើមសាងសង់ នាវាផ្ទុកយន្ដហោះចម្បាំងដំបូងបំផុតរបស់ខ្លួន នៅឆ្នាំក្រោយនេះ ហើយក៏នឹងទិញយន្ដហោះចម្បាំង សម្រាប់ធ្វើប្រតិបត្តិការ នៅលើនាវាចម្បាំងនេះផងដែរ។ នេះបើតាមប្រភពពី ក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

តាមការពិតទៅកូរ៉េខាងត្បូងបានបង្ហើបពីបំណងចង់សាងសង់ នាវាផ្ទុកយន្ដហោះចម្បាំង តាំងតែពីឆ្នាំ២០១៩ មកម្ល៉េះ។ ប៉ុន្តែផែនការថ្នាក់ជាតិ ឆ្នាំ២០២១-២០២៥នេះ ទើបតែចេញផ្សាយជាផ្លូវការនៅក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះផ្ទុកយន្ដហោះចម្បាំង ដែលស្ថិតនៅក្រោមគម្រោងសាងសង់នេះ មានទម្ងន់ប្រមាណ ៣០,០០០តោន និងអាចផ្ទុកកងកម្លាំងយោធា, សព្វាវុធ និងសម្ភារៈបរិក្ខានានា ហើយព្រមទាំងអាចឲ្យយន្ដហោះចម្បាំង ដែលអាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រនោះ ធ្វើប្រតិបត្តិការលើវាផងដែរ»។

មិនតែប៉ុណ្ណោះ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នាវាផ្ទុកយន្ដហោះចម្បាំងខាងលើនេះ ក៏នឹងជួយពង្រឹងសមត្ថភាពរបស់ខ្លួន ប្រឈមមុខនឹងការគំរាមកំហែងណាមួយ ពីសំណាក់សត្រូវផងដែរ។

គួរបញ្ជាក់ថា ការបងើ្ហបគម្រោងចាប់ផ្ដើមសាងសង់ នាវាផ្ទុកយន្ដហោះចម្បាំងដំបូងបំផុតរបស់កូរ៉េខាងត្បូង អាចជាដំណឹងអាក្រក់សម្រាប់កូរ៉េខាងជើង តែវាជាដំណឹងល្អ ដែលសហរដ្ឋអាមេរិកចង់លឺ។ វាជាដំណឹងល្អសម្រាប់សហរដ្ឋអាមេរិកនោះ គឺដោយសារតែកូរ៉េខាងត្បូង ចង់បានយន្ដហោះចម្បាំងមានសមត្ថភាព ហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ មកធ្វើប្រតិបត្តិការលើនាវាផ្ទុកយន្ដហោះចម្បាំង ហើយបច្ចុប្បន្នយន្ដហោះចម្បាំង F-35B របស់សហរដ្ឋអាមេរិក គឺជាយន្ដហោះចម្បាំងតែមួយគត់នៅលើពិភពលោក ដែលអាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ ដែលសក្តិសមនឹង នាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូច៕