(សិង្ហបុរី)៖ អាជ្ញាធរកំពង់ផែសមុទ្ររបស់សិង្ហបុរី (MPA) បាននិយាយថា កប៉ាល់មួយចំនួនដែលបានឆ្លងកាត់កំពង់ផែសិង្ហបុរីម្ដងម្កាល ក៏មានផ្ទុកសារធាតុគីមី អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែរ ខណៈខ្លួនកំពុងពិចារណដាក់ចេញនូវវិធានការ ឬរបៀបកំណត់ពីគុណភាព និងសុវត្ថិភាពនៃសារធាតុគីមីនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

អាជ្ញាធរ MPA បានប្រាប់ CNA ថា កប៉ាល់ដឹកសារធាតុគីមីអាម៉ូញ៉ូមនីត្រាត​មកកាន់កំពង់ផែសិង្ហបុរី ត្រូវជូនដំណឹងទៅអាជ្ញាធរកំពង់ផែ អំពីទំនិញ របស់ពួកគេមុនពេលមកដល់ ហើយពួកគេនឹងអាចផ្ទុកទំនិញបាន លុះត្រាតែមានការយល់ព្រម។ មិនតែប៉ុណ្ណោះ MPA ក៏នឹងអនុវត្តការត្រួតពិនិត្យលើកប៉ាល់ ដើម្បីធានាថា បទគោលការណ៍ទាំងឡាយត្រូវបានអនុវត្តផងដែរ។

នៅប្រទេសសិង្ហបុរី សារធាតុគីមីអាម៉ូញ៉ូមនីត្រាត ត្រូវបានចាត់ទុកជាទំនិញ ដែលមានគ្រោះថ្នាក់ ហើយប្រការនេះមានន័យថា កប៉ាល់ទាំងអស់ដែលដឹកជញ្ជូនទំនិញនេះ ត្រូវតែដាក់លេខកូដពីទំនិញគ្រោះថ្នាក់ (IMDG Code)។ លើសពីនេះទៅទៀត ម្ចាស់កប៉ាល់ ដែលដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ឬមានបំណងផ្ទុកទំនិញទាំងនោះនៅកំពង់ផែ ត្រូវជូនដំណឹងពីទំនិញគ្រោះថ្នាក់មិនតិចជាង ១២ម៉ោងនោះ មុនពេលនាវាមកដល់។ ក្រៅពីការត្រួតពិនិត្យរបស់ MPA លើកប៉ាល់ដឹកទំនិញទាំងនោះ កងកម្លាំងប៉ូលិស សិង្ហបុរី (SPF) និងកងកម្លាំងការពារស៊ីវិល (SCDF) ក៏ធ្វើសវនកម្មលើការគ្រប់គ្រងសុវត្ថិភាព និងអធិការកិច្ចនៅកន្លែងផ្ទុកទំនិញនៅកំពង់ផែនោះផងដែរ។

គួរជម្រាបថា ការសម្រេចរឹតបន្តឹង លើការត្រួតពិនិត្យរបស់អាជ្ញាធរសិង្ហបុរី បានកើតមានឡើងបន្ទាប់ពី មានហេតុការណ៍ផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាត នៅឯកំពង់នៃរដ្ឋធានីបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៧០នាក់, របួស ៦,៥០០នាក់ និងជាង ៣០០,០០០នាក់បាត់បង់ផ្ទះសម្បែង៕