(វ៉ាស៊ីនតោន)៖ វ៉ាក់សាំង COVID-19 យ៉ាងហោច ៥.៧ពាន់លានដប (dose) ត្រូវបានបញ្ជាទិញនៅជុំវិញពិភពលោក បើទោះជាមិនទាន់មានវ៉ាក់សាំងណាមួយ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ដែលបង្ហាញពីប្រសិទ្ធភាព នៅក្នុងការធ្វើតេស្ដលើមនុស្សក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

មកទល់នឹងពេលនេះមានវ៉ាក់សាំងចំនួន ០៥ ក្នុងនោះលោកខាងលិចចំនួន ០៣ និងចិនចំនួន ០២ កំពុងស្ថិតនៅក្នុងតំណាក់កាលទី ៣ នៃការធ្វើតេស្ដ ដោយមានមនុស្សចូលរួមរាប់ពាន់នាក់ ហើយក្នុងនោះទៀតសោត វ៉ាក់សាំងរបស់ក្រុមហ៊ុននៃប្រទេសលោកខាងលិច ត្រូវបានសហរដ្ឋអាមេរិកបញ្ជាទិញយ៉ាងច្រើនរួចមកហើយ។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារម្សិលមិញ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីភាពជោគជ័យ នៃការផលិតបានសម្រេចនូវវ៉ាក់សាំងឈ្មោះ «Sputnik V» ដែលត្រូវបានចុះបញ្ជីដំបូងគេបំផុតនៅលើពិភពលោក ខណៈប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក នៅតែមានមន្ទិលសង្ស័យ ហើយថែមទាំងបានព្រមានផងដែរចំពោះវ៉ាក់សាំងរុស្ស៊ី ជុំវិញប្រសិទ្ធភាព និងសុវត្ថិភាព។

គួរជម្រាបថា សាកលវិទ្យាល័យអង់គ្លេស អុកស៍ហ្វដ (Oxford University) ដែលកំពុងសហការជាមួយក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) បានរំពឹងថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ពួកគេអាចនឹងចេញលទ្ធផលនៅខែកញ្ញាខាងមុខ ខណៈក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) និងវិទ្យាស្ថានជាតិសុខាភិបាលអាមេរិកបានរំពឹងថា នឹងមានលទ្ធផលចុងឆ្នាំ២០២០នេះ ឬក៏អាចនៅខែវិច្ឆិកាខាងមុខតែម្ដង៕