(តូក្យូ)៖ ក្រុមអ្នកធ្វើយុទ្ធនាការដើម្បីកម្មករ ឬអ្នកធ្វើការផ្នែកសេវាកម្សាន្ត នៅក្នុងប្រទេសជប៉ុនបាននិយាយថា ពួកគេត្រូវការគោលការណ៍ណែនាំបែបប្រាកដប្រជា ដើម្បីសុវត្ថិភាព និងបន្តធ្វើការកំឡុង COVID-19 ខណៈរដ្ឋាភិបាលកំពុងមើលឃើញថា ក្លឹបរាត្រី ឬបារជាដើមអាចជាប្រភពនៃការចម្លង និងជាឧបសគ្គក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

បើតាមលោក ស៊ីនយ៉ា អ៉ីវ៉ាមួរុ (Shinya Iwamuro) ជាអ្នកជំនាញសុខាភិបាលម្នាក់ បុគ្គលិកបម្រើការនៅតាមបារ ឬក្លឹបរាត្រី ចាំបាច់ត្រូវការគោលការណ៍ណែនាំប្រាកដប្រជាមួយថា តើពួកគេត្រូវធ្វើសកម្មភាពបែបណា ចំពោះអតិថិជន។ លោក Iwamuro បានគូសបញ្ជាក់ដូច្នេះថា «វិធានការទាំងនោះអាចគ្មានទេ ការថើបគ្នា, ការចែករំលែកចាន អាហារ ឬកែវតែមួយ ហើយសន្ទនាគ្នាវិញគួរតែកំណត់ចំងាយឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19»។ លោក Iwamuro បានបន្ថែមថា បើអាចទៅរួច ការថើបគ្នាគួរតែធ្វើជាមួយដៃគូខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែត្រូវជៀសវាងការរបឺតមាត់គ្នា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនទីក្រុងតូក្យូ ប្រទេសជប៉ុន បានរកឃើញការឆ្លង COVID-19 រហូតដល់ទៅជិត ៣០០ករណីក្នុងមួយថ្ងៃ ដែលនេះបានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ពិចារណាអនុវត្តវិធានការ រឹតត្បិតពិសេសសាជាថ្មី។ ប៉ុន្តែទន្ទឹមគ្នា ការព្រួយបារម្ភក៏កើតមានឡើងផងដែរ ក្រោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ ដោយស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) រដ្ឋាភិបាលទីក្រុងតូក្យូ អាចនឹងបង្កើនការត្រួតពិនិត្យអាជីវកម្មផ្នែកសេវាកម្មកម្សាន្ត ដោយសារតែក្លឹបរាត្រី ឬបារជាដើមអាចជាប្រភពនៃការចម្លង និងជាឧបសគ្គក្នុងការប្រយុទ្ធប្រឆាំង COVID-19៕