(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនី រ៉ាអេប (Dominic Raab) ត្រូវបានគេរំពឹងថា នឹងប្រកាសពីការព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ ខណៈកំពុងមានភាពតានតឹង រឹតតែខ្លាំងជាមួយទីក្រុងប៉េកាំង ជុំវិញច្បាប់សន្តិសុខជាតិថ្មី, ការដាក់បម្រាមលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក Dominic Raab អាចនឹងប្រកាសពីការព្យួរ សន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង កំឡុងធ្វើសេចក្ដីថ្លែងការណ៍មួយ នៅចំពោះមុខសភាអង់គ្លេសនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងទីក្រុងឡុងដ៍)។ ក្រោយច្បាប់សន្តិសុខជាតិទីក្រុងហុងកុងចូលជាធរមាន រដ្ឋាភិបាលអង់គ្លេស ក៏ធ្លាប់បានប្រកាសពីការផ្ដល់សញ្ជាតិ ដល់ប្រជាជនហុងកុង ០៣លាននាក់ផងដែរ។

ប៉ុន្តែទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំងលើអង់គ្លេសថា កំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មិនតែប៉ុណ្ណោះចិននៅតែបញ្ជាក់ជំហរដដែលថា ខ្លួនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិ ហើយចោទថា សហរដ្ឋអាមេរិក និងអង់គ្លេសទៅវិញទេ ដែលកំពុងបង្កអស្ថេរភាពក្នុងទីក្រុងហុងកុង៕