(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤០,៤២៥ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៦៨១នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ ១,១១៨,០៤៣ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២៧,៤៩៧នាក់ស្លាប់បាត់បង់ជីវិត និង ៧៧៧,០៨៧នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ៣៩០,៤៥៩នាក់។

នាពេលបច្ចុប្បន្ន ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលកំពុងប្រឈមមុខធ្ងន់ធ្ងរបំផុតមួយ នៅចំពោះមុខ COVID-19។ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងជាលំដាប់ គ្មានការថមថយនៅឡើយ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក តាមពីក្រោយសហរដ្ឋអាមេរិក និងប្រទេសប្រើស៊ីល៕