(ម៉ូស្គូ)៖ ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលអភិវឌ្ឍឡើងដោយ​វិទ្យាស្ថានស្រាវជំងឺឆ្លង និងមីក្រូសារពាង្គកាយរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya) រួមគ្នាជាមួយក្រសួងការពារជាតិរុស្ស៊ី បានបិទបញ្ចប់ហើយនៅឯមន្ទីរពេទ្យយោធា ប៊ឺដិនកូ (Burdenko) ដោយលទ្ធផលបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងគុណភាពគួរឱ្យទុកចិត្តបាន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក ស៊ីហ្គៃ បូរីសេវិច (Sergey Borisevich) ជាប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តទី ៤៨ នៃក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ីយ៉ាងដូច្នេះថា «ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សនៅរុស្ស៊ីបានបញ្ចប់ហើយ នៅឯមន្ទីរពទ្យ Burdenko នៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នកចូលរួមស្ម័គ្រចិត្តទី ២ និងចុងក្រោយ មានសមាជិក ២០នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ»

លោក Borisevich ឱ្យដឹងទៀតថា ក្រុមអ្នកស្រាវជ្រាវនៅត្រូវការពេលសិក្សាជាច្រើនទៀត ប៉ុន្តែលទ្ធផលនៃការធ្វើតេស្ដនេះបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងគុណភាពគួរឱ្យទុកចិត្តបាន ដោយសារតែវាអាច បង្កើតអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីបាន។

គួរបញ្ជាក់ថា បើតាមនាយកមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (Russian Direct Investment Fund ឬ RDIF) លោក ឃើរីល ឌីមីទ្រីវ (Kirill Dmitriev) ការធ្វើតេស្ដវ៉ាក់សាំងតំណាក់កាលទី ២ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី០៣ ខែសីហាខាងមុខនេះ ខណៈក្រុមអ្នកស្រាវជ្រាវនៃវិទ្យាសា្ថន ហ្គាម៉ាឡេយ៉ា (Gamaleya) ជឿជាក់ថា រុស្ស៊ីអាចនឹងមានវ៉ាក់សាំង COVID-19 នៅពាក់កណ្ដាលខែសីហាខាងមុខនេះ។

លោក Kirill Dmitrie កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានអះអាងដែរថា រុស្ស៊ីអាចនឹងមាន COVID-19 នៅខែកញ្ញាខាងមុខនេះ បើទោះជាសហរដ្ឋអាមេរិក, កាណាដា និងអង់គ្លេសបានចោទថា ទីក្រុងម៉ូស្គីបាន និងកំពុងព្យាយាមលួចយកទិន្នន័យ ពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងរបស់ពួកគេក៏ដោយ៕