(តូក្យូ)៖ គ្រាប់រ៉ុក្កែត H2A របស់ក្រុមហ៊ុនឧស្សាហកម្មជប៉ុន មីតស៊ូប៊ីស៊ី (Mitsubishi) នៅទីបំផុតបានដឹកនាំយាន-ផ្កាយរណប​របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទៅកាន់ទីអវកាសប្រកបដោយជោគជ័យហើយ ក្រោយពីវាត្រូវបានបាញ់បង្ហោះកាលពីវេលាម៉ោង ៦៖៥៨នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

រ៉ុក្កែត H2A ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាននៃមជ្ឈមណ្ឌលអវកាស តាណេហ្គាស៊ីម៉ា (Tanegashima) ស្ថិតនៅក្នុងខេត្តកាហ្គោស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន ក្រោយពីត្រូវបានពន្យារពេលបាញ់ អស់ប៉ុន្មានថ្ងៃមកនេះ ដោយសារតែអាកាសធាតុមិនអំណោយផល។

យាន-ផ្កាយរណបអាម៉ាល់ (Amal) ឬមានន័យថា «ក្តីសង្ឃឹម» ខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងដោយទីភ្នាក់ងារអវកាស ម៉ូហាំម៉េដ ប៊ីន រ៉ាស៊ីដ (Mohammed bin Rashid) របស់អេមីរ៉ាត់អារ៉ាប់រួម ហើយវាត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងរយៈចម្ងាយ ៤៩៣.៥លានគីឡូម៉ែត្រ ទើបទៅដល់ភពអង្គារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ឬស្មើនឹងរយៈពេលធ្វើដំណើរជាង ៧ខែ។

Amal គឺជាយានស្រាវជ្រាវពីលើអាកាសដំបូង ដែលអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ និងតំណាងឲ្យតំបន់អារ៉ាប់ទាំងមូលផងដែរ។ Amal មានតួខ្លួនប្រវែង ២.៩ម៉ែត្រ ហើយនៅពេលពន្លាតបន្ទះសូឡាដើម្បី​ស្រូបពន្លឺព្រះអាទិត្យ វានឹងមានប្រវែងរហូតដល់ ៨ម៉ែត្រ ជាមួយនិងទម្ងន់ ១.៥តោន។ Amal ឬ Hope មានតួនាទីសិក្សាអំពីសីតុណ្ហភាព និងសមាសធាតុផ្សំសំខាន់ៗ នៅក្នុងបរិយាកាសភពអង្គារ ដើម្បីស្វែងរកមូលហេតុថា តើហេតុអ្វីបានជាភពក្រហមនេះ បាត់បង់បរិយាកាសស្ទើរអស់រលីងបែបនេះ។

គួរបញ្ជាក់ថា យាន-ផ្កាយរណប Amal នឹងស្ថិតនៅរយៈកម្ពស់ចាប់ពី ២០,០០០ ទៅ ៤០,០០០គីឡូម៉ែត្រពីផ្ទៃភពព្រះអង្គារ ហើយវានឹងគោចរជុំវិញភពនេះមួយជុំ ក្នុងរយៈពេល ៥៥ម៉ោង។ អ្នកគ្រប់គ្រងបេសកកម្ម Amal លោក អូមរ៉ាន ហ្សារ៉ាហ្វ (Omran Sharaf) បានលើកឡើងថា យាន-ផ្កាយរណបមួយនេះ នឹងជួយជម្រុញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអវកាសរបស់​អេមីរ៉ាត់អារ៉ាប់រួម ដើម្បីឲ្យប្រទេសនេះក្លាយជាប្រទេសសេដ្ឋកិច្ចថ្មី នៅថ្ងៃអនាគត៕