(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា ការឆ្លងរាលដាល COVID-19 គឺគ្រប់គ្រងលែងបានហើយ ខណៈលោកស្រីបានប្រកាសពីការរកឃើញ អ្នកឆ្លងប្រចាំថ្ងៃរហូតដល់ទៅជាង ១០០ករណី ជាប់កំណត់ត្រាថ្មីមួយ ហើយវិធានការរក្សាគម្លាតសុវត្ថិភាពសាជាថ្មី ក៏នឹងត្រូវដាក់ចេញផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញ លោកស្រី Carrie Lam ក៏បានបញ្ជាក់ដែរថា មនុស្សច្រើនជាង ៥០០នាក់ហើយបានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល ២សប្ដាហ៍មកនេះ ដោយធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងទីក្រុងហុងកុង កើនដល់ ១,៧៨៨នាក់ក្នុងនោះស្លាប់ ១២នាក់។ លោកស្រី ឡាំ បានបន្ថែមទៀតថា ពេញមួយថ្ងៃសៅរ៍កន្លងទៅ មនុស្សច្រើនជាង ១០០នាក់បានឆ្លង COVID-19 ដែលនេះជាអត្រាខ្ពស់បំផុត ជាប់ក្នុងកំណត់ត្រាថ្មីមួយ។

គួរបញ្ជាក់ថា បើតាមលោកស្រី Carrie Lam វិធានការគម្លាតសុវត្ថិភាពថ្មីមួយ ត្រូវបានដាក់ឱ្យអនុវត្តហើយ ជាមួយការតម្រូវឱ្យអាជីវកម្មមួយចំនួន ដូចជាក្លឹបកម្សាន្ត, ក្លឹបហាត់ប្រាណ និងក្លឹបរាត្រី ជាដើមត្រូវបិទទ្វារបណ្ដោះអាសន្ន។ អាជ្ញាធរក៏បានបង្គាប់ឱ្យប្រជាជនទាំងអស់ ពាក់ម៉ាសនៅតាមទីសាធារណៈផងដែរ ស្របពេលភោជនីយដ្ឋាននានា អាចបន្តអាជីវកម្មរបស់ខ្លួន ដោយបម្រើសេវាដឹកជញ្ជូន ឬយកទៅតាមផ្ទះតែប៉ុណ្ណោះ៕