(តូរ៉ុនតូ)៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ៉េ (Francois-Philippe Champagne) បានបង្ហោះនៅលើគណនី Twitter របស់លោកថា ប្រអប់ខ្មៅ (black boxes) នៃយន្តហោះអ៊ុយក្រែន ដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់ នៅទីក្រុងតេហេរ៉ង់ កាលពីខែមករា ឆ្នាំ២០២០ នោះត្រូវបានបញ្ជូនទៅដល់ទីក្រុងប៉ារីស នៃប្រទេសបារាំងហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

ប្រអប់ខ្មៅទាំងពីរនៃយន្តហោះអ៊ុយក្រែន នឹងត្រូវបញ្ជូនទៅកាន់ទីភ្នាក់ងារត្រួតពិនិត្យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាសហៅកាត់ថា BEA របស់បារាំង នៅថ្ងៃចន្ទសប្តាហ៍នេះតែម្តង ដើម្បីឲ្យក្រុមជំនាញអន្តរជាតិធ្វើការវិភាគ។ បើតាមលោក Champagne មន្ត្រីតំណាងផ្នែកដឹកជញ្ជូននៃប្រទេសកាណាដា ក៏នឹងមានវត្តមាននៅទីនោះដែរ។ ការបញ្ជូនវត្តុតាងទៅបារាំងនេះ បានកើតឡើងក្រោយពីមានការអំពាវនាវពីសំណាក់បារាំង និងអ៊ុយក្រែន ដើម្បីជួយស្វែងរកការពិតដែលបានកើតឡើង។

គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់បានទទួលស្គាល់ថា កងកម្លាំងឆ្មាំការពារបដិវត្តន៍របស់ខ្លួន បានច្រឡំបាញ់ទម្លាក់យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានជើងហោះហើរ PS752 កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅពេលដែលស្ថានការណ៍រវាងអ៉ីរ៉ង់ និងអាមេរិក ឈានទៅដល់ចំណុចជិតផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។ ករណីធ្លាក់នេះ បានធ្វើឲ្យមនុស្សសរុប ១៧៥នាក់ស្លាប់ ក្នុងនោះ ៥៥នាក់ជាជនជាតិកាណាដា៕