(ស៊ីដនី)៖ ការផ្ទុះជំងឺឆ្លង COVID-19 យ៉ាងគំហុកនៅក្នុងរដ្ឋ និងទីក្រុង ធំបំផុតលំដាប់លេខ ២ របស់ប្រទេសអូស្ត្រាលី គឺកំពុងតែបង្កក្តីព្រួយបារម្ភជាខ្លាំង ខណៈរដ្ឋាភិបាលអូស្ត្រាលីទើបតែប្រកាសថា ខ្លួនត្រូវការពេលច្រើនសប្តាហ៍ទៅមុខទៀត ទើបអាចទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

ជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើងយ៉ាងខ្លាំង នៅក្នុងរដ្ឋវិចតូរៀ (Victoria) ភាគអាគ្នេយ៍អូស្ត្រាលី ដោយក្នុងនោះក៏មានទីក្រុងមែលប៊ន ផងដែរ ហើយវាជាតំបន់ដែលមានប្រជាជន រស់នៅច្រើនបំផុតលំដាប់លេខ ២ របស់ប្រទេសអូស្ត្រាលីរហូតដល់ទៅ ៦លាននាក់ ខណៈប្រជាជនសរុបនៅអូស្ត្រាលី មានជាង ២៥លាននាក់។

រដ្ឋ Victoria បានបំបែកកំណត់ត្រាមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅ ៤៣៨នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភរឹតតែខ្លាំង ចំពោះការបន្តផ្ទុះជំងឺនេះឆ្លងនេះ កាន់តែធ្ងន់ធ្ងរឡើងៗ។ អាជ្ញាធររដ្ឋបានចេញបញ្ជាឲ្យប្រជាជនទាំងអស់ពាក់ម៉ាស ឬបិទមុខរបស់ពួកគេ ឲ្យជិតនៅពេលចេញពីផ្ទះ ដើម្បីបង្ការឲ្យកុំឲ្យឆ្លង ឬចម្លង COVID-19 ទៅកាន់អ្នកដទៃ។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីដែលធ្លាប់ទទួលបានការកោតសរសើរ ថាអាចទប់ស្កាត់ COVID-19 ប្រកបដោយប្រសិទ្ធភាពនោះ ពេលនេះត្រូវបានគេមើលឃើញ អត្រាឆ្លងកើនឡើងវិញជាបណ្តើរៗហើយ ដោយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនករណីឆ្លងមានសរុបជាង ១២,០០០នាក់ ក្នុងនោះស្លាប់ ១២៣នាក់ និងជាសះស្បើយវិញជាង ៨,៤០០នាក់៕