(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម នៃគណបក្សពលករ និងបានពិភាក្សាគ្នាពីយុទ្ធសាស្ត្រសង្រ្គាម ក៏ដូចជាការពង្រឹងសមត្ថភាពយោធា ដើម្បីការពារប្រទេសជាតិ ខណៈភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញផ្សាយនៅថ្ងៃអាទិត្យនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង kCNA បានឱ្យដឹងទៀតថា កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ម្សិលមិញ ហើយនៅក្នុងជំនួបនោះ លោក គីម ក៏បានអនុម័តផងដែរលើផែនការសំខាន់ៗមួយចំនួន។ KCNA មិនបានបញ្ជាក់លម្អិតពីផែនការទំាងនោះឡើយ ប៉ុន្តែ គេដឹងថាជាទម្លាប់នាពេលកន្លងមក វិធានការ ឬយុទ្ធសាស្ត្រសង្រ្គាមរបស់កូរ៉េខាងជើង នោះគឺការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលិស្ទីគ។

គួរជម្រាបថា នេះគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន បង្ហាញខ្លួនដឹកនាំកិច្ចប្រជុំជាសាធារណៈ ក្នុងរយៈពេល១១ថ្ងៃមកនេះ ចាប់តាំងពីលោកបំពេញទស្សនកិច្ច ទៅកាន់វិមានព្រះអាទិត្យ ដើម្បីគោរពវិញ្ញាណក្ខន្ធជីតារបស់លោក គឺលោក គីម អ៊ីលស៊ុង កាលពីដើមខែកក្កដានេះ៕