(ដាម៉ាស់)៖ ប្រទេសស៊ីរី នឹងរៀបចំការបោះឆ្នោតសភា នៅទូទាំងតំបន់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅថ្ងៃអាទិត្យនេះ ចំពេលនៃខួបកាន់ អំណាច២០ឆ្នាំមកនេះរបស់លោកប្រធានាធិបតីស៊ីរី បាស្សា អាល់អាសាដ ខណៈប្រទេសដ៏កម្សត់មួយនេះកំពុងញំញីដោយសារសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។

បេក្ខជនច្រើនជាង ២,០០០នាក់ ក្នុងនោះរួមមានទាំងអ្នកជំនួញស៊ីរីល្បីៗ ដែលកំពុងជាប់ទណ្ឌកម្មអាមេរិក បានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតសភា ដែលជាលើក ទី៣ គិតចាប់តាំងពីសង្រ្គាមស៊ីរី ផ្ទុះឡើងកាលពីឆ្នាំ២០១១មក។ ការបោះឆ្នោតសភាស៊ីរី ដំបូងឡើយ គ្រោងនឹងប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅមកម្លេះ ប៉ុន្តែវា ត្រូវបានពន្យារពេលដោយសារ COVID-19។

គួរជម្រាបថា ដោយសារតែក្រុមគណបក្សប្រឆាំងមួយចំនួន ប្រកាសធ្វើពហិការចូលរួមការបោះឆ្នោត គណបក្ស បាអាត ផាតធី (Baath Party) របស់លោក អាសាដ និងគណបក្សជាសម្ព័ន្ធមិត្ត ត្រូវបានគេរំពឹងថានឹងទទួលបានអាសនៈនៅក្នុងសភាភាគច្រើនលើសលប់ ក្នុងចំណោមអាសនៈសរុប ២៥០កៅអី។ កាលពីឆ្នាំ២០១៦ គណបក្ស Baath Party ទទួលបានអសនៈចំនួន ២០០ឯណោះ៕