(វ៉ាស៊ីនតោន)៖ ភាពតានតឹងនៃទំនាក់ទំនងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន លើបញ្ហាជាច្រើនក្នុងនោះរួមមានទាំង COVID-19, ទីក្រុងហុងកុង និងសមុទ្រចិនខាងត្បូងជាដើម បាននិងកំពុងបង្កឱ្យការជជែកដេញដោលយ៉ាងផុលផុសពីការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ រវាងមហាអំណាចទាំង២។ ក្រុមអ្នកជំនាញ ភាគច្រើនយល់ថាសង្រ្គាមត្រជាក់ថ្មីនេះ គឺខុសគ្នាពីសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដោយសារតែពួកគេមើលឃើញពីលទ្ធភាព នៃការផ្ទុះទៅជាជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងចិន និងអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «មិត្តល្អរបស់លោកពេញៗមាត់» ក្រោយសម្រេចបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ហើយក៏ធ្លាប់សរសើរ និងជឿជាក់ផងដែរថាចិនមានសមត្ថភាពទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ក៏ប៉ុន្តែ អ្វីៗបាន ផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបរាជ័យក្នុងការដោះស្រាយវិបត្តិ COVID-19។

បើតាមក្រុមអ្នកជំនាញ ដូចជាលោក Stephen Walt ជាសាស្ត្រាចារ្យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក និងចិន បាន ឈានចូលជើងក្នុងការប្រកួតប្រជែងរយៈពេលវែងនៃការដណ្ដើមឥទ្ធិពល និងចក្ខុវិស័យយុទ្ធសាស្រ្តជាច្រើនដែលមិនអាចដើរជាមួយគ្នាបាន ក្នុងនោះរួមទាំងមហិច្ឆិតា ដែលអាមេរិកមើលឃើញថាចិនមានបំណងគ្រប់គ្រងទ្វីបអាស៊ីទាំងមូល នៅពេលអនាគត។ លោក Stephen Walt បានបន្ថែមថាដូច្នេះថា៖ «សង្រ្គាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក មានចំណុចខ្លះដូចគ្នាទៅនឹងសង្រ្គាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀតដូច្នោះដែរ។ ប៉ុន្តែ វាមិនមានគ្រោះថ្នាក់ដូចជាសង្រ្គាមត្រជាក់ ថ្មីរវាងចិន និងអាមេរិក នាពេលបច្ចុប្បន្ននោះទេ ដ្បិតទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មិនមែនប្រកួតប្រជែងគ្នាត្រឹមតែមនោគមន៍វិជ្ជាឡើយ ពោលគឺសឹងតែ គ្រប់វិស័យជាពិសេសគឺយោធា និងបច្ចេកវិទ្យាតែម្ដង»

*តើសង្រ្គាមត្រជាក់អាមេរិក-ចិន អាចផ្ទុះទៅជាសង្រ្គាមក្ដៅដែរឬទេ?

លោកស្រី Oriana Skylar Mastro ជាជំនួយការសាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យ Georgetown University មានមូលដ្ឋាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី, សហរដ្ឋអាមេរិក បាននិយាយថាការធ្វើសង្រ្គាមត្រជាក់ជាមួយចិន គឺជាររឿងមួយដ៏គ្រោះថ្នាក់។ លោកស្រី Mastro បានគូសបញ្ជាក់ដូច្នេះថា៖ «ស្ថានភាពបច្ចុប្បន្ន មិនមានលក្ខណៈជាសង្រ្គាមត្រជាក់ទាំងស្រុង ឬក៏គ្រាន់តែជាការប្រជែងមនោគមន៍វិជ្ជាកុម្មុយនិស្ដ ឬសេរីនោះទេ...តែវាក៏មានផងដែរនូវលទ្ធភាពជាក់ស្ដែងនៃការ ផ្ទុះទៅជាសង្រ្គាមក្ដៅ ឬជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងមហាអំណាចទាំង២»

លោកស្រីបន្ថែមថា ចិនមានជម្រើសអាចបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិកបាន តាមរយៈការដកប្រព័ន្ធអាវុធចេញសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ទីក្រុងប៉េកាំង នឹងមិនធ្វើបែបនេះជាដាច់ខាត ពីព្រោះការធ្វើបែបនេះគឺជាការបង្ហាញពីភាពកម្សោយរបស់ខ្លួនឯង និងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែមានឥទ្ធិពល រឹតតែខ្លាំងនៅក្នុងតំបន់តែប៉ុណ្ណោះ។

*ចិននឹងបញ្ជៀសជម្លោះជាមួយសហរដ្ឋអាមេរិក?

អ្នកជំនាញសន្តិសុខចិន មកពីវិទ្យាសា្ថនជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង លើកោះ Hainan លោក Chen Xiangmiao ក្នុងពេលបច្ចុប្បន្ន ចិនចាំបាច់ត្រូវ ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ដើម្បីបញ្ជៀសជម្លោះជាមួយសហរដ្ឋអាមេរិក។ នៅក្នុងន័យនេះ ទោះជាចិនមិនអាចដកថយទាំងស្រុង តែចិន ត្រូវថយមួយជំហ៊ានសិន ដើម្បីកុំឱ្យសហរដ្ឋអាមេរិក មានលេសលូកដៃកាន់តែជ្រៅនៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ លោក Chen បានសង្កត់ធ្ងន់ដូច្នេះថា៖ «បើសិនជាមានជម្លោះណាមួយផ្ទុះឡើងជាមួយវៀតណាម, ម៉ាឡេស៊ី ឬហ្វីលីពីន នោះសហរដ្ឋអាមេរិក នឹងមានលេសលូកដៃចូល និងប្រមូលកម្លាំងប្រឆាំងចិន ហើយ មិនតែប៉ុណ្ណោះវាក៏អាចនឹងរុញឱ្យអាមេរិក និងចិន មានជម្លោះយោធាដោយផ្ទាល់នឹងគ្នាផងដែរ»។ លោក Chen បន្តថាបើប្រទេសជាភាគីជម្លោះមានការអត់ធ្មត់ខ្ពស់ ដោយមិនរើសឈរនៅខាងចិន ឬក៏សហរដ្ឋអាមេរិក នោះជម្លោះអាចនឹងនៅតែស្ថិតក្រោមការគ្រប់គ្រង។

គួរបញ្ជាក់ថា ខណៈគេមិនអាចដឹងឱ្យប្រាកដថាតើសង្រ្គាម ឬជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងចិន និងសហរដ្ឋអាមេរិក ផ្ទុះឡើងនៅពេលណាក៏ដោយ ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួនយល់ថា លោក ដូណាល់ ត្រាំ អាចនឹងបង្កភាពតានតឹងរឹងតែខ្លាំងជាមួយចិន លើបញ្ហាជាច្រើនដូចជា បច្ចេកវិទ្យា, ទីក្រុងហុងកុង, តៃវ៉ាន់ ជាពិសេសគឺសមុទ្រចិនខាងត្បូងតែម្ដង ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ចូលមកដល់។ សមុទ្រចិនខាងត្បូង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងក្លាយជាចំណុចចាប់ផ្ដើមមួយនៃជម្លោះយោធារវាងអាមេរិក និងចិន និងជាទីដែល អាមេរិក ត្រូវប្រើប្រាស់ដើម្បីទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់។

រដ្ឋបាលប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ បានផ្លាស់គោលនយោបាយរបស់ខ្លួននាពេលកន្លងមក ដោយចាត់ទុកថារាល់ការកាន់កាប់ និងការទារទាមដែន អធិបតេយ្យភាពរបស់ចិន ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ ដែលនេះបានធ្វើឱ្យចិនផ្ទុះកំហឹងជាខ្លាំង។ មិនតែប៉ុណ្ណោះ អាមេរិកក៏បានប្រកាស គាំទ្រ និងជំរុញឱ្យប្រទេសដែលកំពុងមានជម្លោះដែនទឹកជាមួយចិន ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ហ៊ានងើបឡើងប្រឆាំងនឹងចិនផងដែរ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សហរដ្ឋអាមេរិក៕