(វ៉ាស៊ីនតោន)៖ វាជាការបំបែកប្រពៃណីពីបុរាណ ដោយសេតវិមានកំពុងគ្រប់គ្រង ដោយលោក ដូណាល់ ត្រាំ ពេលនេះបានសម្រេចដករូបគំនូរ របស់អតីតប្រធានាធិបតីអាមេរិកពីររូប ចេញពីជញ្ជាំងស្ថិតនៅអមច្រកចូល អគារសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ CNN ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

រូបគំនូរទាំងពីរផ្ទាំងនោះ គឺមួយជារូបរបស់អតីតប្រធានាធិបតី បៀល គ្លីនតុន (Bill Clinton) និងមួយទៀតជារូបរបស់អតីតប្រធានាធិបតី ចច ដាប៊ែលយូ ប៊ូស (George W Bush) ដែលជាធម្មតាតែងតែងត្រូវបានដាក់តាំង នៅក្នុងសាលច្រកចូល ហ្គ្រែន ហ្វូយើ (Grand Foyer) នៃអគារសេតវិមាន ជាទីដែលភ្ញៀវកិត្តិយសនានា ឆ្លងចូលក្នុងអគារសេតវិមាន ហើយក៏ជាទីតាំងសម្រាប់ដាក់់តាំងបង្ហាញ រូបគំនូរជាលក្ខណៈបញ្ឈរ នៃអតីតប្រធានាធិបតី នាប៉ុន្មានអាណត្តិចុងក្រោយនោះផងដែរ។

បើតាមប្រភពពីមន្ត្រីសេតវិមាន ដែលទូរទស្សន៍ CNN ទទួលបាន រូបគំនូរអតីតប្រធានាធិបតីទាំងពីររូបខាងលើនេះ ត្រូវបានដកចេញកាលពីសប្តាហ៍មុន រួមយកទៅព្យួរនៅបន្ទប់ Old Family Dining វិញ ដែលត្រូវបានដឹងថា ជាបន្ទប់តូចមួយ និងមិនសូវមានការប្រើប្រាស់ ឬមានអ្នកធ្វើទស្សនកិច្ចណាចូលទៅក្នុងនោះឡើយ ហើយបច្ចុប្បន្នគឺត្រូវបានចាត់ទុក ត្រឹមជាបន្ទប់ដាក់អីវ៉ាន់ប៉ុណ្ណោះ។

ប្រភពខាងលើដដែលបានប្រាប់ CNN ទៀតថា ក្រោយការដករូបអតីតប្រធានាធិបតីពីររូបខាងលើនេះ រូបគំនូរអតីតប្រធានាធិបតីពីររូប ត្រូវបានយកមកព្យួរជំនួសវិញ នោះគឺលោក វីលៀម ម៉ាឃីឡេយ (William McKinley) ជាអតីតប្រធានាធិបតីអាមេរិក ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ១៩០១ និងលោក ធីអូដ័រ រូសេវែលត៍ (Theodore Roosevelt) ជាអតីតអនុប្រធានាធិបតី ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី ក្រោយពីលោក McKinley ស្លាប់។

ក្រោយសកម្មភាពខាងលើនេះបានកើតឡើង អ្នកតាមដានមួយចំនួន បាននឹកឃើញដល់សៀវភៅដ៏ល្បីល្បាញ របស់អតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន (John Bolton) ដែលបានសរសេរត្រង់ចំណុចមួយថា លោក ដូណាល់ ត្រាំ ធ្លាប់មើលងាយឪពុករបស់លោក បៀល គ្លីនតុន និងលោក ចច ដាប៊ែលយូ ប៊ូស ហើយបន្ថែមពីនេះភរិយាលោក គ្លីនតុន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ធ្លាប់ជាគូប្រជែងយ៉ាងជូរចត់ ក្នុងការបោះឆ្នោតប្រធានាធិបតីជាមួយលោក ត្រាំ កាលពីឆ្នាំ២០១៦ផងដែរ។

គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើនេះ បណ្តាញសារព័ត៌មាន CNN បានព្យាយាមទាក់ទងទៅមន្ត្រីសេតវិមានផ្សេងទៀត ដើម្បីសុំការបកស្រាយ ប៉ុន្តែពុំមានការឆ្លើយតបនោះឡើយ។ ដោយឡែកចំពោះរូបគំនូរ របស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា វិញនោះ គឺមិនដែលត្រូវបានដាក់តាំងបង្ហាញនោះឡើយ ចាប់តាំងពីលោក ត្រាំ ចូលកាន់កាប់សេតវិមាន៕