(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកនឹងមិនចេញបទបញ្ជាថ្នាក់ជាតិ ដើម្បីតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសនៅទីសាធារណៈនោះឡើយ បើទោះបីជាសហរដ្ឋអាមេរិក នៅតែបន្តបំបែកកំណត់ត្រាលើករណីឆ្លង COVID-19 ជាប្រចាំថ្ងៃក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយ Fox News នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

ក្នុងកិច្ចសន្ទានជាមួយសារព័ត៌មាន Fox News លោក គ្រីស វ៉ាលឡេស (Chris Wallace) បានចោតសួរលោក ត្រាំ ថា តើលោកនឹងពិចារណាចេញបទបញ្ជា ដែលតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសនេះដែរឬទេ?
លោក ត្រាំ បានឆ្លើយតបថា «ទេ! ខ្ញុំមិនយល់ព្រមទេ ព្រោះខ្ញុំចង់ការពារ សេរីភាពរបស់ជនជាតិអាមេរិក»។ បន្ថែមពីនេះលោក Chris Wallace ក៏បានរំលឹកប្រាប់លោក ត្រាំ ដែរថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក ហៅកាត់ថា CDC ធ្លាប់ចង្អុលបង្ហាញរួចមកហើយថា គ្រប់គ្នាត្រូវតែពាក់ម៉ាស ទើបយើងអាចគ្រប់គ្រងវីរុសនេះបាន។

គួរបញ្ជាក់ថា លោក ត្រាំ បានបដិសេធក្នុងការពាក់ម៉ាស តាំងពីជំងឺ COVID-19 ផ្ទុះឡើងដំបូងមកម្លេះ ហើយលោកបានអះអាងថា ខ្លួនលោកមានសុខភាពល្អ និង តែងតែធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 ផងដែរ។ លោក ត្រាំ បានពាក់ម៉ាសនៅនៅទីសាធារណៈជាលើកដំបូង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ នៅពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ វ៉ាល់ធើ រីដ (Walter Reed) នៅ ទីក្រុងប៊ែធីស្តា (Bethesda) រដ្ឋម៉ារីឡេនដ៍ (Maryland) ប្រហែលជា ០៣ខែបន្ទាប់ពី CDC បានណែនាំឱ្យជនជាតិអាមេរិកពាក់ម៉ាស ដើម្បីការពារខ្លួនពីអ្នកផ្ទុក COVID-19 តែមិនបញ្ជេញរោគសញ្ញា៕