(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានរំពឹងថា អ្វីៗនឹងអាចវិលទៅរកសភាធម្មតាវិញ នៅមុនថ្ងៃបុណ្យគ្រិស្មាក់នៅចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកក៏បានណែនាំឲ្យគ្រប់គ្នា ត្រៀមសម្រាប់ស្ថានការណ៍អាក្រក់ (ការផ្ទុះ COVID-19 រលកទី២) ដែលអាចនឹងកើតឡើងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

អង់គ្លេសមានមនុស្សស្លាប់រហូតដល់ទៅជាង ៤៥,២០០នាក់ ដោយសារជំងឺ COVID-19 ដែលតួលេខនេះគឺខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុប ក្នុងចំណោមករណីឆ្លងសរុបជាង ២៩៣,០០០នាក់។ បច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាព នៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍ COVID-19 នៅតំបន់អឺរ៉ុបទាំំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក។

ជុំវិញបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា «វាគឺជាក្តីសង្ឃឹមយ៉ាងខ្លាំង និងមុតមាំរបស់ខ្ញុំ ដែលថាយើងអាចពិនិត្យមើលឡើងវិញ ចំពោះវិធានការរឹតត្បឹត និងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ ដើម្បីនាំយកជីវិតធម្មតាត្រឡប់មកវិញជាបណ្តើរៗ ចាប់ពីខែវិច្ឆិកាខាងមុខនេះ ដែលអាចទៅរួចនៅមុនថ្ងៃបុណ្យគ្រិស្មាក់»

គួរបញ្ជាក់ថា ទោះបីជាអង់គ្លេសចង់ដកវិធានការរឹតត្បិតបន្ថែម ក្នុងនោះមានដូចជាការបន្ធូរបន្ថយ វិធានការរក្សាគម្លាតសុវត្ថិភាព នៅក្នុងសង្គមក៏ដោយ ក៏ការប្រុងប្រយ័ត្ននៅតែត្រូវបានណែនាំ ព្រោះគំរូពីប្រទេសមួយចំនួន មានរួចជាស្រេចទៅហើយ ជាពិសេសនៅពេលដែលពួកគេបានគិតថា អាចយកឈ្នះ COVID-19 ប៉ុន្តែបែរជាផ្ទុះការឆ្លងឡើងវិញ គួរឲ្យព្រួយបារម្ភបំផុត៕