(សៀងហៃ)៖ វិធានការបិទប្រទេស និងរឹតត្បិតជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19 បានធ្វើឱ្យសេដ្ឋកិច្ចសកលលោក ច្រួលច្របល់យ៉ាងខ្លាំងហួសពីការស្មាន លើកលែងប្រទេសមួយចេញនោះគឺចិន។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានភ្លក្សរសជាតិនៃការធ្លាក់ចុះ កំណើនសេដ្ឋកិច្ចយ៉ាងគំហុក ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២០នេះ។ ប៉ុន្តែទិន្នន័យថ្មីមួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញថា សេដ្ឋកិច្ចចិនមានកំណើន ៣.២ភាគរយ នៅក្នុងត្រីមាសទី ២ រាប់ចាប់ពីខែមេសាដល់ខែមិថុនា ហើយដែលនេះបានធ្វើឱ្យចិន កា្លយជាប្រទេសដំបូងបំផុត ដែលអាចស្គាល់កំណើនសេដ្ឋកិច្ចអំឡុងវិបត្តិ COVID-19 កំពុងក្តៅគគុក។

យ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចចិនមិនមែនជាដំណឹងល្អ សម្រាប់គេគ្រប់គ្នានោះទេ ដោយវាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងនោះរួមមានទាំងការរឹតត្បិត លើវិស័យបច្ចេកវិទ្យា ដើម្បីបង្អាក់ដំណើររីកចម្រើនទៅមុខនៃសេដ្ឋកិច្ចចិន។ ដូច្នេះតើអ្វីទៅនៅពីក្រោយកំណើនសេដ្ឋកិច្ចចិន ស្របពេលពិភពលោកទាំងមូល កំពុងត្រដាបត្រដួសងើបចេញពីវិបត្តិ COVID-19 នោះ? ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗទាំង ៥ យ៉ាង៖

១៖ ការផ្លាស់ប្ដូរដ៏សម្បើមនៃសេដ្ឋកិច្ចចិន

ក្រុមអ្នករិះគន់ចិនតែងតែយល់ច្រឡំថា កំណើនសេដ្ឋកិច្ចចិនពឹងផ្អែកស្ទើរទាំងស្រុង លើប្រព័ន្ធពាណិជ្ជកម្មសេរីសកល និងទីផ្សារបច្ចេកវិទ្យាលោកខាងលិច។ តាមរយៈការគិតបែបនេះហើយ ទើបជំរុញឱ្យអ្នកនយោបាយខ្លះ នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃមួយចំនួន នៅតែគិតដដែលថា ដើម្បីបង្អាក់ដំណើរលូតលាស់នៃសេដ្ឋកិច្ចចិន ពួកគេត្រូវតែវាយប្រហារលើទីតាំងនានារបស់ចិន នៅក្នុងវិស័យពាណិជ្ជកម្ម និងចង្វាក់ផ្គត់ផ្គង់សកល។

ក៏ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចដូចជាលោក ចាង ជូន (Zhang Jun) យល់ថា ការគិតថាកំណើនសេដ្ឋកិច្ចចិន ពឹងផ្អែកទៅលើតែពាណិជ្ជកម្មគឺជា «កំហុសឆ្លងមួយ»។ លោក Zhang បានបន្ថែមទៀតថា សេដ្ឋកិច្ចចិននារយៈពេលជាច្រើនឆ្នាំមកនេះ មានការផ្លាស់ប្ដូរដ៏សម្បើម ដោយថ្នាក់ដឹកនាំចិនងាកមកផ្ដោតសំខាន់ លើការប្រើប្រាស់ទំនិញ និងសេវាកម្មនៅក្នុងស្រុក។ បន្ថែមពីនេះការវិនិយោគ និងបដិវត្តន៍ខាងបច្ចេកវិទ្យាចិន ព្រមទាំងតម្លៃពលកម្មទាប គឺជាឧទាហរណ៍ស្រាប់នៃកំណើនសេដ្ឋកិច្ចចិន។

បើតាមលោក Zhang ជាការពិតណាស់ ចិនពិតជាទទួលបានផលប្រយោជន៍ជាច្រើន ពីការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច អស់រយៈពេលរាប់ទសវត្សរ៍មកនេះ តាមរយៈការធ្វើសមាហរណកម្ម ចូលក្នុងប្រព័ន្ធពាណិជ្ជកម្មសេរី ក្រោយអ្នករៀបចំគោលនយោបាយចិនក្នុងឆ្នាំ១៩៨០ជឿជាក់ថា ចង្វាក់ផ្គត់ផ្គង់សកល និងទីផ្សារអន្តរជាតិ អាចជួយឱ្យចិនធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងមូលធនរបស់ខ្លួន។

២៖ ចិនយល់ច្បាស់ពីវិធីរក្សាការពារកំណើនសេដ្ឋកិច្ច ចំពោះមុខពាណិជ្ជកម្មសកលដែល មិនមានភាពឋិតឋេរ

អ្នករៀបចំគោលនយោបាយចិន បានយល់ច្បាស់តាំងពីយូរណាស់មកហើយថា សេដ្ឋកិច្ចដែលរីកចម្រើន ដោយសារពាណិជ្ជកម្មសកល មិនមានភាពឋិតឋេរ និងមិនអាច ធ្វើឱ្យចិនក្លាយជាប្រទេសអភិវឌ្ឍពេញលេញ ព្រមទាំងចំណូលខ្ពស់បានឡើយ។ ជាក់ស្ដែងផលប៉ះពាល់ធ្ងន់ធ្ងរ នៃវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ លើសេដ្ឋកិច្ចលោកខាងលិច បានបង្ខំឱ្យចិនត្រូវផ្លាស់ប្ដូរការយល់ឃើញ និងយុទ្ធសាស្ត្រ តាមរយៈការអភិវឌ្ឍទីផ្សារនៅក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចដោយការធ្វើចរាចរណ៍ទំនិញ និងសេវាកម្មនៅក្នុងស្រុកឲ្យខ្លាំងជាងមុន។

ការផ្លាស់ប្ដូរយុទ្ធសាស្រ្តនេះ បានធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះឡើងយ៉ាងខ្លាំងពិតមែន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតដល់ផ្ទុះទៅជាជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកំណើនសេដ្ឋកិច្ចចិន ក៏ត្រូវប្រឈមមុខនឹងបញ្ហាអតុល្យភាពជាច្រើនផងដែរ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់វិធានការជាច្រើន ដើម្បីកែតម្រូវអតុល្យភាពទាំងនេះ ជាមួយការជំរុញតម្រូវការនៅក្នុងស្រុក ហើយចាប់ផ្ដើមអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ចូលក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន និងវិស័យជាច្រើនទៀត តាមរយៈការបង្កើនតំបន់ពាណិជ្ជកម្មសេរី។

៣៖ ចិនប្រឹងជំរុញហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគនៅក្នុងស្រុក

រដ្ឋាភិបាលចិនបាន និងកំពុងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងវិស័យដឹកជញ្ជូនយ៉ាងខ្លាំង ក្នុងនោះរួមមានដូចជា ផ្លូវហាយវ៉េ, ផ្លូវដែក, អាកាសយានដ្ឋាន និងកំពង់ផែជាច្រើនកន្លែង។ ជាឧទារហរណ៍ជាក់ស្ដែង ត្រឹមតែរយៈពេល ១០ឆ្នាំ ចិនបានកសាងផ្លូវហាយវ៉េល្បឿនលឿន មានប្រវែងច្រើនជាង ៣៥,០០០គីឡូម៉ែត្រ, បណ្ដាញហេដ្ឋារចនាសម្ព័ន្ធធំៗ ខាងផ្នែកព័ត៌មាន និងទូរគមនាគមន៍ ព្រមទាំងលើកទឹកចិនដល់់ក្រុមហ៊ុន ឬសហគ្រាសឯកជន បង្កើនគំនិតច្នៃប្រឌិតទៅលើវិស័យការបង់សេវាតាមទូរស័ព្ទ, e-commerce, 5G និងប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ ការអភិវឌ្ឍវិស័យទាំងនេះបានជួយសម្រួលយ៉ាងខ្លាំង ដល់ប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុនយក្សចិនដូចជា អាលីបាបា (Alibaba), ធិនសិន (Tencent) និង JD.com ជាដើម។

៤៖ ចិនធ្វើសមារណកម្មលើតំបន់សេដ្ឋកិច្ចធំៗ

រដ្ឋាភិបាលចិនបាន និងកំពុងជំរុញលើកទឹកចិត្តយ៉ាងសកម្ម ដល់ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានគោលដៅធ្វើសមារណកម្ម លើតំបន់សេដ្ឋកិច្ចធំៗនៅក្នុងស្រុក ដើម្បីបង្កើនតម្រូវការនៅក្នុងស្រុក។ ផែនការទាំងនេះក្នុងនោះរួមមាន ការបង្កើតតំបន់សេដ្ឋកិច្ច ហ្សុងអាន (Xiong’an) ដែលនឹងតភ្ជាប់ទៅតំបន់ត្រីកោណ រវាងទីក្រុងប៉េកាំង ប៉េកាំង ធានជីន និងហឺប៉ី (Beijing-Tianjin-Hebei)។ លើសពីនេះទៅទៀត តំបន់សេដ្ឋកិច្ចធំៗក៏កំពុងត្រូវបានអភិវឌ្ឍផងដែរលើខេត្ត ក្វាងទុង ក្រុងហុងកុង ក្រុងម៉ាកាវ និងតំបន់ជ្រោយធំ (Guangdong-Hong Kong-Macau Greater Bay Area) ជាមួយនិងការជំរុញឱ្យមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅក្នុងចំណោមទីក្រុងសេដ្ឋកិច្ចទាំង ១៦ ដែលស្ថិតនៅតាមដងទន្លេយ៉ាងសេ (Yangtze)។

៥៖ សេដ្ឋកិច្ចចិន មានភាពរឹងមាំលើសពីការស្មាន

ជាមួយការបើកចំហទីផ្សារនៅក្នុងស្រុករបស់ខ្លួន ទៅកាន់អ្នកវិនិយោគបរទេស ចិននឹងបន្តដើរតួជាអ្នកចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងពាណិជ្ជកម្ម និងវិនិយោគសកលលោក តាមរយៈការគាំទ្រដល់ការធ្វើសកលភាវូបនីយកម្ម ព្រមទាំងជួយកែតម្រូវអតុល្យភាព នៃពាណិជ្ជកម្មសកលលោក។ ចំណែកឯកិច្ចខិតខំប្រឹងប្រែងជំរុញ កំណើនតម្រូវការនៅក្នុងស្រុក ក៏នឹងជួយផងដែរដល់ការពង្រីកវិសាលភាព ក៏ដូចជាកាលានុវត្តភាព សម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងបរទេស ដែលសកម្មភាពទាំងនេះនឹងជួយឱ្យសេដ្ឋកិច្ចចិន កាន់តែរឹងមាំ ហើយសេដ្ឋកិច្ចសកល នឹងមានកំណើននៅពេលអនាគត។

ម្យ៉ាងវិញទៀត បើតាមលោក Zhang Jun វាគឺជារឿងឆោតល្ងង់សម្រាប់ការគិត ឬជឿជាក់ថា ការរឹតត្បិតបច្ចេកវិទ្យា, ទណ្ឌកម្មពាណិជ្ជកម្ម ឬក៏ការផ្ទេររោងចក្រចេញពីចិនដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន នឹងក្លាយជាទីអវសាន នៃកំណើនសេដ្ឋកិច្ចចិននៅពេលអនាគតនោះ ដ្បិតទាំងចិន និងសហរដ្ឋអាមេរិក រួមទាំងប្រទេសលោកខាងលិច សុទ្ធតែត្រូវការគ្នាទៅវិញទៅមក៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០)