(វ៉ាស៊ីនតោន)៖ រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែពិចារណាក្នុងការដាក់បំរាមធ្វើដំណើរ ទៅលើមន្ត្រីបក្សកុម្មុយនិស្តគ្រប់រូប រួមទាំងក្រុមក្រុមគ្រួសាររបស់ពួកគេផងដែរ ខណៈបញ្ហាចម្បងៗគ្នាច្រើនបានក្លាយជាដើមចម នៃការធ្វើឲ្យទំនាក់ទំនងកាន់តែវិវឌ្ឍន៍ទៅរកភាពខ្មៅងងឹត រវាងមហាក្សសេដ្ឋកិច្ចទាំងពីរលើលោកនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

ព័ត៌មានអំពីការត្រៀមដាក់បំរាមនេះ ត្រូវបានបញ្ចេញដោយសារព័ត៌មាន New York Times ក្រោយទទួលបានប្រភពពីមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលកំពុងតែសិក្សាលើបង្កើតសេចក្តីព្រាងមួយ ដើម្បីត្រៀមដាក់ជូនលោក ដូណាល់ ត្រាំ ធ្វើការពិនិត្យ និងចេញសេចក្តីប្រកាស នៅក្នុងពេលវេលាណាមួយដែលអាចទៅរួច។ យ៉ាងណាក៏ដោយ មន្ត្រីរូបនោះបានអះអាងថា សេចក្តីព្រាងនោះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់ លោកប្រធានាធិបតីអាមេរិកនៅឡើយទេ។

ប្រភពដដែលបានបញ្ជាក់ថា ប្រសិនបើបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានបញ្ចេញដូចអ្វី ដែលមានសរសេរនៅក្នុងសេចក្តីព្រាងនោះ មន្ត្រីបក្សកុម្មុយនិស្តចិន និងសមាជិកក្រុមគ្រួសារពួកគេ ដែលមានសមាជិកសរុបជាង ១០លាននាក់ នឹងត្រូវផ្អាកការផ្តល់ទិដ្ឋាការ ចូលមកក្នុងសហរដ្ឋអាមេរិក ហើយប្រាកដណាស់ វានឹងក្លាយជាការដុតបញ្ឆេះកំហឹងនៃទីក្រុងប៉េកាំងកាន់តែខ្លាំងឡើងមិនខាន។

សេចក្តីព្រាងនៃបំរាមរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់មន្ត្រីបក្សកុម្មុយនិស្តចិន ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមតែម្តង ហើយប្រាកដណាស់ ប្រទេសចិនក៏នឹងធ្វើការឆ្លើយតបចំពោះអាមេរិកវិញ ស្រដៀងគ្នានេះដែរ។ សេចក្តីសម្រេចណាមួយដោយរដ្ឋបាលលោក ត្រាំ នឹងមិនត្រឹមតែបង្កបញ្ហាដល់ផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែវិស័យពាណិជ្ជកម្ម និងផលប្រយោជន៍អាមេរិកខ្លួនឯងនៅចិន ក៏នឹងរងការខាតបង់ផងដែរ។

ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានលើកឡើងថា ប្រសិនបើអាមេរិកហ៊ានចាត់ការ ដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយមែននោះ វានឹងក្លាយជារឿងដែល «គួរឲ្យអាណិតអាសូរ»។

គួរបញ្ជាក់ថា ទំនាក់ទំនងកាន់តែប្រេះស្រាំរវាង សហរដ្ឋអាមេរិក និងប្រទេសចិន បានកើតមានឡើង ក្រោយលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី ហើយអាមេរិកបានចាប់ផ្តើម បង្ក សង្គ្រាមពាណិជ្ជកម្មយ៉ាងជូរចត់ជាមួយចិន។ បន្តមកទៀតគឺបញ្ហាហុងកុង, ជំងឺរាតត្បាតសកល COVID-19 និងបញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានបូកបញ្ចូលទៅក្នុងបញ្ហាចម្បងៗ ដែលអាមេរិកយកធ្វើជាប្រធានបទ ដើម្បីបង្កើនការដាក់សម្ពាធលើប្រទេសចិន៕