(មីឈីហ្គែន)៖ សិស្សសាលារាប់រយនាក់នៅទីក្រុង ដេត្រយត៍ (Detroit) បានធ្វើការតវ៉ានៅខាងក្រៅវិទ្យាល័យរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីទាមទារឱ្យមានការដោះលែងមិត្តរួមថ្នាក់ម្នាក់ ដែលកំពុងស្ថិតនៅក្នុងមណ្ឌលឃុំឃាំងអនីតិជន បន្ទាប់ពីសិស្សរូបនោះមិនបានធ្វើកិច្ចការសាលា អំឡុងពេលការសិក្សាពីចម្ងាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

យោងតាមរបាយការណ៍មួយរបស់បណ្តាញផ្សព្វផ្សាយ ប្រូផាប្លីកា (ProPublica) បានឱ្យដឹងថា សិស្សរូបនោះមានឈ្មោះថា ហ្គ្រេស (Grace) អាយុ ១៥ឆ្នាំ ដោយនាងកំពុងស្ថិតក្នុងការឃុំឃាំង ព្រោះតែបានឈ្លោះប្រកែកជាមួយម្តាយនាង និងប្រព្រឹត្តអំពើលួចផងដែរ។ ProPublica ក៏បានបញ្ជាក់ដែរថា Grace មានបញ្ហាផ្លូវអារម្មណ៍ (deficit disorder) ដែលតែងតែធ្វើឱ្យអារម្មណ៍របស់នាងមិននឹងនរ និងឆាប់ទទួលយកការរំខានយ៉ាងងាយស្រួល នៅពេលដែលនាងសិក្សានៅផ្ទះ ហើយមិនបានធ្វើកិច្ចការសាលានៅអំឡុងពេលរៀនពីចម្ងាយ។

ចៅក្រមប្រចាំរដ្ឋ មីឈីហ្គែន (Michigan) បានសម្រេចបញ្ជូននាង Grace ទៅមណ្ឌលឃុំឃាំងអនីតិជន កាលពីខែឧសភាមកម្ល៉េះ ពីបទមិនធ្វើកិច្ចការសាលាដើម្បីជាការព្រមាន។ ព្រោះតែការសម្រេចសេចក្តីបែបនេះហើយ ទើបនៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នកតវ៉ាបានដើរក្បួនពីវិទ្យាល័យ ហ្គ្រូវស៍ (Groves) នៅជាយក្រុង ប៊ែវើឡេយ ហ៊ីលស៍ (Beverley Hills) ទៅកាន់តុលាការប្រចាំ អូកឡេនដ៍ (Oakland) និងការិយាល័យរដ្ឋអាជ្ញាដោយកាន់បដាថា «ដោះលែង Grace»។

សិស្សដែលបានចូលរួមក្នុងការតវ៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កំណត់ត្រាសិក្សារបស់ Grace មិនសំខាន់នោះទេ ខណៈដែលប្រទេសទាំងមូល
កំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ COVID-19។ ជុំវិញបញ្ហានេះដែរ លោក ជីអូហ្វ វីកខឺហាម (Geoff Wickersham) គ្រូសង្គមវិទ្យា នៅវិទ្យាល័យ Grove បានប្រាប់ Reuters ដូចគ្នាដែរថា ចៅក្រមហាក់ដូចជាមិនបានដឹងថា តើការសិក្សាត្រូវវាយតម្លៃយ៉ាងណានោះទេ អំឡុងពេលជំងឺរាតត្បាតនេះ ហើយនេះជារឿងអយុត្តិធម៌បំផុត។

ទោះជាណានេះក្តី ចៅក្រម ម៉ារី អេឡេន ប៊្រែនណិន (Mary Ellen Brennan) ដែលជាអ្នកនៅពីក្រោយការសម្រចនេះ បានបដិសេធមិនធ្វើការបកស្រាយនោះទេ៕