(គួឡាឡាំពួរ)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសម៉ាឡេស៊ី (EC) បានប្រកាសពីការត្រៀមខ្លួនរួចរាល់ជាស្រេច សម្រាប់លទ្ធភាពនៃការបោះឆ្នោតសកលមុនកាលកំណត់ ដែលអាចកើតមានឡើងក្នុងពេលខាងមុខ ហើយក៏កំពុងបន្តសិក្សាថែមទៀត ទៅលើជម្រើសនៃការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា E-voting ផងដែរ។ នេះបើយោងតាមកាដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

កំឡុងពេលសួរសំនួរនៅក្នុងសភា លោក Takiyuddin Hassan ដែលជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី បាននិយាយថា «គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) កំពុងធ្វើការកែលំអរនីតិវិធីបោះឆ្នោត ឲ្យស្រមទៅតាមកាលៈទេសៈ នៃវិបត្តិ COVID-19»។ លោកបានបន្ថែមថា «ទោះបីជាការបោះឆ្នោតតាមប្រព័ន្ធអាឡិចត្រូនិច ឬហៅថា E-voting គឺជាជម្រើសល្អមួយ ក្នុងសម័យកាល COVID-19 ប៉ុន្តែ EC បានរកឃើញថា ប្រព័ន្ធនេះនៅមានភាពខ្វះចន្លោះច្រើន»

ដូច្នេះ លោក Takiyuddin Hassan បានលើកឡើងថា «ដរាបណា EC នៅតែមិនពេញចិត្តនឹងប្រព័ន្ធនេះទេ យើងនឹងត្រូវចំណាយពេល សិក្សាបន្ថែមទៀតមុន នឹងសម្រេចថាតើ វាអាចដាក់ឲ្យប្រើប្រាស់បានដែរឬទេ»។ ពាក់ព័ន្ធការចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិវិញ លោក Takiyuddin គណៈកម្មការបោះឆ្នោតម៉ាឡេស៉ីបានត្រៀមលក្ខណៈរួចជាស្រេច ប្រសិនបើវាកើតឡើង។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ មានការអំពាវនាវកាន់តែខ្លាំងឡើងៗទាំងពីសំណាក់ក្រុមកាន់អំណាច និងក្រុមប្រឆាំងសំដៅឲ្យ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin Yassin រៀបចំការបោះឆ្នោតមុនអាណត្តិ ដោយសារនៅតែមានមន្ទិលថា លោក Yassin ដែលបានចូលស្បថកាន់តំណែងនាយករដ្ឋមន្ត្រីទី០៨ របស់ម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែមីនាកន្លងទៅនេះ បន្តពីលោក មហាធៀ មហាំម៉ាត់ ពិតជាមានសម្លេងគាំទ្រភាគច្រើននៅក្នុងសភាដែរឬយ៉ាងណា៕