(សេអ៊ូល)៖ រដ្ឋអាជ្ញាទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតមួយ មិនធ្លាប់មានពីមុនមកលើអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជុំវិញការបំផ្ទុះកម្ទេចចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ ដែលចំណុចរសើបបំផុត នៃការធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរប្រេះស្រាំសាជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

ការសម្រេចចិត្តបើកការស៊ើបអង្កេតខាងលើ ដែលត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យកូរ៉េខាងជើងកាន់តែផ្ទុះកំហឹង ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ទទួលបានពាក្យបណ្ដឹងមួយ ប្រឆាំងនឹងអ្នកនាង គីម យ៉ូចុង ពីមេធាវីដើមបណ្តឹងម្នាក់។ បើតាមអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល បានបន្ថែមទៀតថា ការស៊ើបអង្កេតមួយបានចាប់ផ្ដើមធ្វើឡើងហើយ។

គួរជម្រាបថា កាលពីខែមិថុនា កន្លងទៅនេះ កូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអ្នកនាង គីម យ៉ូចុង បានព្រមានថា ការិយាល័យដែលអ្នកផ្ទាល់ហៅថា ការិយាល័យគ្មានប្រយោជន៍មួយនេះ នឹងត្រូវបំផ្ទុះកម្ទេចចោល ជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការរារាំងក្រុមសកម្មជនកូរ៉េខាងជើង កំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕