(ញូដេលី)៖ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លង COVID-19 ថ្មីៗចំនួន ៣២,៦៩៥ករណី និង ៦០៦នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤,៩១៥នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

ស្ថាប័នស្រាវជ្រាវផ្នែកសុខភាពកំពូលរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ថា ICMR បាននិយាយថា រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ យើងបានធ្វើតេស្តសំណាកចំនួន ១២.៧លានសំណាកក្នុងនោះ ៣២៦,៨២៦សំណាកត្រូវបានធ្វើតេស្ត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ICMR កំពុងបន្តពង្រីកវិសាលភាពនៃការធ្វើតេស្តរក COVID-19 តាមរយៈការអនុញ្ញាតឱ្យមន្ទីរពិសោធន៍រដ្ឋ និងឯកជនជួយពន្លឿនលទ្ធភាពនៃការធ្វើតេស្ត។ រហូតមកដល់ពេលនេះ មន្ទីរពិសោធន៍ចំនួន ១,២៣៤កន្លែង នៅទូទាំងប្រទេសបានទទួលការអនុញ្ញាត ដើម្បីធ្វើតេស្តរក COVID-19 ក្នុងនោះ ៨៧៤កន្លែងជារបស់រដ្ឋ ចំណែកឯ ៣៦០កន្លែងទៀតជាមន្ទីរពិសោធន៍ឯកជន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាមានករណីឆ្លងសរុប ៩៦៨,៨៧៦ករណី និងជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ក្នុងចំណោមករណីសរុបទូទាំងប្រទេសរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra) មានចំនួនអ្នកឆ្លងច្រើនជាងគេ តាមដោយរដ្ឋ តាមីលណាឌូ (Tamil Nadu) និងរដ្ឋដេលី (Delhi)៕