(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ របស់អូស្ត្រាលី គឺរដ្ឋវិចតូរៀ (Victoria) កំពុងពិចារណាលើការដាក់ចេញឡើងវិញនូវវិធានការ «lockdown» សម្រាប់ រយៈពេល ០៤សប្តាហ៍ បន្ទាប់ពីរដ្ឋមួយនេះបានមើលឃើញពីការផ្ទុះករណីឆ្លង COVID-19 ឡើងវិញ ក្នុងកម្រិតធ្ងន់ធ្ងរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

ចំនួនករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 នៅក្នុងរដ្ឋធានីមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ បានកើនឡើងយ៉ាងខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបានបង្ខំឲ្យ អាជ្ញាធរអនុវត្តឡើងវិញនូវវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹង នៅក្នុងតំបន់ជាយក្រុងចំនួនជាង ៣០ ខណៈអគារស្នាក់នៅចំនួន ០៩កន្លែងត្រូវបានបិទដើម្បីពិនិត្យ រកអ្នកឆ្លង COVID-19។

បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) កំពុងពិចារណាលើការដាក់ចេញនូវវិធានការ lockdown ជាថ្មីសម្រាប់រយៈពេល ៤សប្តាហ៍ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ១៩១ ករណីបន្ថែមទៀតត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះ។

កាលពីថ្ងៃចន្ទ ទី០៦ ខែកក្កដា ម្សិលមិញនេះ អាជ្ញាធរអូស្ត្រាលីបានប្រកាសថា នឹងបិទព្រំដែនរវាងរដ្ឋចំនួនពីរគឺ រដ្ឋញូសោតវែល (New South Wales) និងវិចតូរៀ (Victoria) ដែលសុទ្ធសឹងតែជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលីនៅថ្ងៃអង្គារនេះតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19។

គួរបញ្ជាក់ថា អូស្ត្រាលី ដែលកន្លងមកត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 នោះ កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការផ្ទុះរលកទី២ ខណៈករណីឆ្លងជាចង្កោមៗ ត្រូវបានរកឃើញជាបន្តបន្ទាប់។ បច្ចុប្បន្ន អូស្ត្រាលីមានករណីឆ្លងសរុប ៨,៧៥៥ករណី ក្នុងនោះស្លាប់ ១០៦នាក់ និងជាសះស្បើយវិញ ៧,៤៥៥នាក់៕