(អាមេរិក)៖ បុរសអាយុ ៤៨ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនផលិត និងចែកចាយកាហ្វេមួយ បានធ្វើការបាញ់ប្រហារ នៅក្នុងឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន ស្ថិតក្នុងទីក្រុងស្ព្រីងហ្វៀល (Springfield) នៃរដ្ឋអ៉ីលីណយស៍ (Illinois) បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

ជនសង្ស័យខាងលើនេះមានឈ្មោះថា ម៉ៃខឺល ខូលលីនស៍ (Michael Collins) ដែលក្រោយពីធ្វើការបាញ់ប្រហាររួច រូបគេបានគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយពីការប្រដេញទៅដល់សង្កាត់ដែលស្ថិតនៅជាប់គ្នា ប៉ូលិសបានប្រទះឃើញខ្មាន់កាំភ្លើងនោះដេកស្លាប់ក្នុងរថយន្ត ដែលទំនងជាការបាញ់សម្លាប់ខ្លួន ព្រោះមានកាំភ្លើងខ្លីពីរដើមនៅលើខ្លួនជនសង្ស័យ។

គួរបញ្ជាក់ថា ជនរងគ្រោះដល់ស្លាប់នោះគឺសុទ្ធតែជាបុរស ដែលម្នាក់មានវ័យជាង ២០ឆ្នាំ និងម្នាក់ទៀតជាង ៦០ឆ្នាំ។ ដោយឡែកអ្នករងរបួសវិញគឺជាស្ត្រីមានវ័យជាង ៥០ឆ្នាំ។ បើតាមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ជនសង្ស័យដែលបង្កការបាញ់ប្រហារនោះ គឺជាបុគ្គលិកធ្វើការងារជាមួយជនរងគ្រោះទាំងបីនាក់ ហើយមូលហេតុដែលបង្កទៅជាការបាញ់ប្រហារ អាចមកពីការផ្ទុះជម្លោះពាក្យសម្តី៕