(សេអ៊ូល)៖ កូរ៉េខាងជើង ជាថ្មីម្ដងទៀត បានព្រមានថាកងទ័ពរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពភា្លមៗ និងសម្រុកចូលទៅកាន់តំបន់ព្រំដែនគ្មានយោធា ដែលខណ្ឌចែករវាងប្រទេសកូរ៉េទាំងពីរ បើសិនជាកូរ៉េខាងត្បូង នៅតែបណ្ដែតបណ្ដោយឱ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួនបន្តធ្វើ យុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។

អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង ធ្វើការព្រមានបែបនេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអង្គារនេះ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង អះអាងថា អ្នកនាងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនចាត់វិធានការបន្ទាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយ ជាមួយក្រុមអ្នករិះគន់ និងប្រមាថបងប្រុសរបស់លោកស្រី។ ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េផ្ទុះឡើងខ្លាំងក្រោយកូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានកាត់ផ្ដាច់ទំនាក់ទំនង ក្នុងនោះរួមមានទាំងខ្សែទូរស័ព្ទបន្ទាន់ជាមួយកូរ៉េខាងត្បូង ហើយនៅថ្ងៃអង្គារនេះ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបំផ្ទុះអគារការិយាល័យដែលជាកន្លែងមន្ត្រីកូរ៉េខាងជើង និងកូរ៉េខាងត្បូង តែងជួបពិភាក្សាគ្នានិងធ្វើទំនាក់ទំនងគ្នាកន្លងទៅនេះចោលតែម្តង។

មិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង ក៏បានព្រមានបោះបង់ចោលសន្ធិសញ្ញាសន្តិភាព ដែលត្រូវបានចុះហត្ថលេខារវាងលោក គីម ជុងអ៊ុន និងលោក មូន ចែអ៉ីន កាលពីឆ្នាំ២០១៨ ផងដែរ ដោយសារតែខឹងសម្បារនឹងទីក្រុងសេអ៊ូល សម្រាប់ការបណ្ដែតបណ្ដោយក្រុមសកម្មជនកូរ៉េខាងជើង ធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំរបស់ លោក គីម ជុងអ៊ុន។

ជាការឆ្លើយតប កូរ៉េខាងត្បូង បានដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមសកម្មជនបង្ហោះខិត្តប័ណ្ណតាមបាឡុង រិះគន់កូរ៉េខាងជើង ដោយចោទថាពួកគេដុតញ្ឆេះភាពតានតឹង រវាងកូរ៉េទាំងពីរ។ មួយវិញទៀត ការទប់ស្កាត់ការបង្ហោះខិត្តប័ណ្ណតាមបាឡុងនេះ ក៏មានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពរវាងមេដឹកនាំកូរ៉េទាំង២ ផងដែរ។ តែទោះបែបនេះក្ដី កូរ៉េខាងជើងមិនបានស្ងប់ចិត្តឡើយ ហើយរឹតតែបង្កើនការដាក់សម្ពាធ និងគំរាមកំហែងលើកូរ៉េខាងត្បូងកាន់តែខ្លាំង។ តើកូរ៉េខាងជើង ពិតជាខឹងសម្បារនឹងក្រុមសកម្មជន នៅកូរ៉េខាងត្បូង ឬក៏វាជាលេសចង់បានអ្វីផ្សេងពីទីក្រុងសេអ៊ូល?

* លេសចង់បានសម្បទានបន្ថែមពីកូរ៉េខាងត្បូង

តាមការពិតទៅការបង្ហោះខិត្តប័ណ្ណ ឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ពីសំណាក់ក្រុមសកម្មជនកូរ៉េខាងជើង តាមរយៈបាឡុង បានកើតឡើងរាប់សិបឆ្នាំមកហើយ។ ពោលគឺវាមិនមែនជារឿងថ្មីថ្មោងនោះទេ ហើយការគំរាមកំហែងប្រើប្រាស់កម្លាំងយោធាប្រឆាំងទីក្រុងសេអ៊ូល របស់ទីក្រុងព្យុងយ៉ាង ក៏មិនមែនលើកទី១នោះដែរ ដ្បិតរាល់ដង ឱ្យតែភាពតានតឹងផ្ទុះឡើង ការគំរាមកំហែងរបៀបនេះតែងតែកើតឡើងជាញឹកញប់ រហូតដល់មានមជ្ឈដ្ឋានខ្លះសួរថាតើកូរ៉េខាងជើងអាច ឬក៏ហ៊ានវាយប្រហារដោយផ្ទាល់លើ កូរ៉េខាងត្បូងដែរឬទេ? បើតាមក្រុមអ្នកជំនាញ សំនួរនេះគួរតែប្ដូរទៅសួរចិនវិញ ថាតើទីក្រុងប៉េកាំងអនុញ្ញាតដែរឬទេ? និយាយឱ្យចំ ទោះកូរ៉េខាងជើងចង់ ក៏ចិនមិនអនុញ្ញាត ដែរ ព្រោះវាមានតែផ្ដល់លេសឱ្យសហរដ្ឋអាមេរិក បង្កើនវត្តមានយោធានៅក្នុងតំបន់ និងដាក់សម្ពាធ ឬទណ្ឌកម្ម ដើម្បីបង្ខំចិន ចេញមុខដោះស្រាយតែប៉ុណ្ណោះ។

ចុះបើដឹងបែបនេះហើយ តើកូរ៉េខាងជើង នៅតែព្រមានប្រើប្រាស់កម្លាំងយោធាដើម្បីអ្វី? លោក Lim Jae-cheon ជាសាស្ត្រាចារ្យសិក្សាពីកូរ៉េខាងជើង មកពីសាកលវិទ្យាល័យ Korea University យល់ថាអ្វីៗដែលកូរ៉េខាងជើង កំពុងធ្វើគឺគ្រាន់តែជាលេសចង់បានកិច្ចចរចាថ្មី និងសម្បទានបន្ថែមពីកូរ៉េខាងត្បូង កំឡុងសេដ្ឋកិច្ចជាតិរបស់ខ្លួនកំពុង ដាំក្បាលចុះក្រោមដោយសារ COVID-19។ លោក Lim Jae-cheon បានគូសបញ្ជាក់ដូច្នេះថា៖ «ទោះបីជាកូរ៉េខាងជើង ប្រឹងជំរុញឱ្យសហរដ្ឋអាមេរិក ផ្ដល់សម្បទានបន្ថែម ក្រោមកិច្ចចរចានុយក្លេអ៊ែរយ៉ាងណាក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក មិនបានបង្ហាញសញ្ញាវិជ្ជមានណាមួយទាល់តែសោះ...ដូច្នេះហើយកូរ៉េខាងជើង មានតែងាកមករក កូរ៉េខាងត្បូងវិញ។ ម្យ៉ាងវិញទៀត ទីក្រុងព្យុងយ៉ាង ក៏ចង់ប្រើប្រាស់ឱកាសនេះដើម្បីព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរដោយធ្វើឱ្យ ប្រជាជនកូរ៉េខាងត្បូង មើលឃើញថាភាពតានតឹងនៅលើឧបទ្វីបកូរ៉េសព្វថៃ្ង គឺដោយសារតែសហរដ្ឋអាមេរិក មិនព្រមបញ្ឈប់ នយោបាយអរិភាពប្រឆាំងកូរ៉េខាងជើង»។ ការផ្សះ ផ្សាជាមួយកូរ៉េខាងជើង គឺជាគោលនយោបាយដ៏សំខាន់មួយដែលជួយឱ្យលោក មូន ចែអ៉ីន ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង។

* ឆ្លៀតឱកាសបង្កើនអំណាចឱ្យប្អូនស្រី

បើតាមអ្នកជំនាញមួយចំនួន ដូចជាលោកស្រី Rachel Minyoung Lee ដែលជាអតីតអ្នកវិភាគពីបញ្ហាកូរ៉េខាងជើងសម្រាប់រដ្ឋាភិបាលអាមេរិក លោក គីម ជុងអ៊ុន ទំនងជាចង់ ប្រើប្រាស់ភាពតានតឹងបច្ចុប្បន្នជាមួយកូរ៉េខាងត្បូង ដើម្បីបង្កើនអំណាច និងផ្ដល់ឱកាសឱ្យប្អូនស្រី និងជាមនុស្សជំនិតបំផុតរបស់លោក គឺអ្នកនាង គីម យូចុង ក្លាយជាអ្នកបង្កើត កម្មវិធីនយោបាយនៅក្នុងគណបក្សពលករ។ ការបង្កើនអំណាចឱ្យអ្នកនាងគីម បានបង្ហាញរឹតតែច្បាស់ក្រោយអ្នកនាង ត្រូវបានដំឡើងតំណែងជាសមាជិកជំនួសនៃការិយាល័យ នយោបាយគណបក្សពលករកូរ៉េខាងជើង ត្រឹមមានអាយុ៣២ឆ្នាំ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប៉ុន្មានខែចុងក្រោយនេះ អ្នកនាង គីម យូចុង បានចេញមុខជាសាធារណៈ រិះគន់ និងព្រមានសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងជាបន្តបន្ទាប់ តាមរយៈការចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន ជួសមុខឱ្យលោក គីម។

ជុំវិញ របត់នយោបាយនេះដែរ លោក Lim Jae-cheon បានសង្កត់ធ្ងន់ថាលោក គីម ជុងអ៊ុន ប្រហែលជាកំពុងរៀបចំជើងព្រួលទុកឱ្យហើយ ដោយចង់ឱ្យប្អូនស្រីរបស់លោក មានអំណាចគ្រប់គ្រាន់ដឹកនាំប្រទេសជាបណ្ដោះអាសន្ន ក្នុងករណីមានរឿងអាក្រក់ណាមួយកើតឡើងចំពោះរូបលោក រហូតទាល់តែកូនប្រុសរបស់លោកធំពេញវ័យអាច កាន់ការប្រទេសជាតិបាន។ និយាយឱ្យខ្លី ធ្វើយ៉ាងណាកុំឱ្យអំណាចដឹកនាំកូរ៉េខាងជើង របូតចេញពីរង្វង់ដៃគ្រួសារត្រកូលគីម ជាដាច់ខាត។

* កូរ៉េខាងជើង ហ៊ានថា ហ៊ានធ្វើ

ទោះបីជាអ្នកជំនាញខ្លះ មើលឃើញថាការព្រមានរបស់កូរ៉េខាងជើង ត្រឹមតែជាព្រមានក៏ដោយ។ ប៉ុន្តែលោក Kim Dong-yub ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានទីក្រុងសេអ៊ូល សម្រាប់ការសិក្សាតំបន់អាស៊ីបូព៌ា យល់ថា ទីក្រុងព្យុងយ៉ាង មិនមែននិយាយហើយមិនធ្វើនោះទេ ពោលគឺកូរ៉េខាងជើង អាចនឹងចាត់វិធានការបង្ករឿងនានា ប្រឆាំងកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងការបាញ់តេស្ដមីស៊ីលឡើងវិញជាដើម។ លោក Kim Dong-yub បន្តទៀតថាកូរ៉េខាងជើង ប្រហែលជាកំពុងរៀបចំផែនការធ្វើសកម្មភាពមួយនៅក្បែរតំបន់ ជម្លោះព្រំដែនដែនទឹកជាមួយកូរ៉េខាងត្បូង ជាទីដែលជួនកាលមានការទង្គិចគ្នាដោយបង្ហូរឈាមរវាងកូរ៉េទាំង២ ធ្លាប់កើតឡើងកាលពីប៉ុន្មានឆ្នាំ កន្លងទៅ។

កាលពីខែមីនា ឆ្នាំ២០១០ កូរ៉េខាងជើង ធ្លាប់ត្រូវបានគេជឿជាក់ថាគឺជាអ្នកបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងចម្បាំងគ្រឿងមួយ ដោយផ្ដាច់ជីវិតនាវិកកូរ៉េខាងត្បូង៤៦នាក់ ហើយមិនតែប៉ុណ្ណោះប៉ុន្មានខែក្រោយមក ទីក្រុងព្យុងយ៉ាង ថែមទាំងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់លើភូមិប្រជាជនកូរ៉េខាងត្បូង នៅលើកោះ Yeonpyeong ផ្ដាច់ជីវិតមនុស្ស ជាច្រើននាក់ទៀតផង។ ប៉ុន្តែនៅកាលណោះក្រៅតែពីថ្កោលទោស និងដាក់ទណ្ឌកម្ម សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនបានចាត់វិធានការយោធាអ្វីជាដុំកំភួន លើកូរ៉េខាងជើងនោះទេ៕

ប្រភព៖ ABC News (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)