(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង បានឱ្យដឹងថា សមាជិកសភាពីរនាក់បន្ថែមទៀត ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 ធ្វើឱ្យចំនួនសមាជិកសភាបារាំង ឆ្លងជំងឺ នេះកើនដល់៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

អត្តសញ្ញាណសមាជិកសភាទាំងពីររូបខាងលើ មិនត្រូវបានគេទម្លាយឱ្យដឹងឡើយ ខណៈបុគ្គលិកសភាពីរនាក់ទៀត ត្រូវបានទទួលស្គាល់ថាបានឆ្លង COVID-19 ដូចគ្នា។ កាលពីសប្ដាហ៍មុន អាជ្ញាធរសុខាភិបាលបារាំង បានអះអាងថា សមាជិកសភា លោក ហ្សង់ លុច រ៉ិចហ្ស៊ែរ (Jean-Luc Reitzer) និងសមាជិកសភាលោកស្រី អេលីហ្សាបេត ទូទុយ-ពីកាដ (Elisabeth Toutut-Picard) ក៏បានឆ្លង COVID-19 ផងដែរ។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោមតួលេខ អ្នកឆ្លងសរុប ១,១២៦ករណីហើយនៅទូទាំងប្រទេសបារាំង។ ចំនួននេះ បានធ្វើឱ្យបារាំងក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ជាច្រើនគេលំដាប់ទី២ នៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី៕