(ការីបៀន)៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់មួយគឺ៦.៦រ៉ិចទ័រ បានវាយប្រហារចំដែនដី Puerto Rico ដែលជាតំបន់រដ្ឋបាលរបស់អាមេរិក នៅឯតំបន់ការីបៀន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់អាមេរិក US Geological Survey (USGS) ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីខាងលើ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីឆ្នេរភាគខាងត្បូងរបស់ Puerto Rico ហើយមានជម្រៅប្រមាណជា៧គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ។ ភ្លាមៗនេះ ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយហេតុការណ៍ញ័ររញ្ជួយនេះនៅឡើយទេ។

គួរជម្រាបថា តំបន់ភាគខាងត្បូងនៃ Puerto Rico ទើបតែបានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីមួយទៀតកម្រិត៥.៨រ៉ិចទ័រ ដែលបាន បណ្តាលឲ្យលំនៅឋានជាច្រើនខ្នងរងការខូចខាត ដាច់រចន្តអគ្គិសនី និងមានបំណាក់ដីតិចតួច។ គ្រោះរញ្ជួយដីទាំងពីរលើកនេះ គឺស្ថិតក្នុង ចំណោមហេតុការណ៍រញ្ជួយផែនដី ដែលបានកើតមានឡើងនៅតំបន់រដ្ឋ Puerto Rico របស់សហរដ្ឋអាមេរិក កំឡុងពេលប្រមាណជាមួយ សប្តាហ៍កន្លងមកនេះ៕