(សិង្ហបុរី)៖ ឧទ្ធម្ភាគចក្រ Chinook ពីរគ្រឿងមកពីកងទ័ពអាកាសសិង្ហបុរី នឹងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ផ្ដល់ជំនួយ និងជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រ Chinook ទាំងពីរគ្រឿងខាងលើបានហោះចេញពីទីក្រុង Oakey ប្រទេសអូស្ត្រាលី ជាមួយកងកម្លាំងសិង្ហបុរី ៤២នាក់ ឆ្ពោះទៅកាន់មូលដ្ឋានទ័ព នៅក្នុងទីក្រុង East Sale នៃរដ្ឋ Victoria ដើម្បីចូលរួមដល់អាជ្ញាធរអូស្ត្រាលី ដែលកំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ។ លោក Eng Hen បានបញ្ជាក់ដូច្នេះថា៖ «ឧទ្ធម្ភាគចក្រ Chinook របស់ពួកយើង នឹងចូលរួមពន្លត់ភ្លើងឆេះព្រៃ ផ្ដល់ជំនួយ ក៏ដូចជាជម្លៀសប្រជាជនចេញ ពីតំបន់រងគ្រោះ»

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Ng Eng Hen ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយរដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ឱ្យដឹងថាសិង្ហបុរី នឹងបញ្ជូនឧទ្ធម្ភាគចក្រ Chinook ពីរគ្រឿងមកជួយពន្លត់ភ្លើងឆេះព្រៃ ហើយក្រៅតែសិង្ហបុរី អាមេរិក អង់គ្លេស និងកាណាដា ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងប្រតិបត្តិការនេះដែរ នៅថ្ងៃទី៨ ខែមករានេះ។ ភ្លើងឆេះព្រៃនៅអូស្ត្រាលី បានសម្លាប់មនុស្ស២៥នាក់ និងជីវិតសត្វរាប់លានក្បាល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក។ ចំណែកឯ ផ្ទះ១៥៨៨ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងច្រើនជាង៦៥៣ខ្នងរងការខូចខាត ខណៈក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលី បានប៉ាន់ប្រមាណថាទំហំខូចខាត ដែលបង្កឡើងដោយភ្លើងឆេះព្រៃ មានទំហំដល់ទៅ ៤៨៥លានដុល្លារ ឬអាចនឹងមានច្រើនជាងនេះ៕