(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បានចេញមុខនិយាយផ្ទុយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈការលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនដាក់គោលដៅវាយប្រហារ លើទីតាំងបេតិកភណ្ឌជាតិរបស់ប្រទេសអ៊ីរ៉ង់ឡើយ ចំពោះមុខការកើនឡើងនៃភាពតានតឹង ដ៏ខ្លាំងរវាងប្រទេសទាំងពីរ ក្រោយអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qasem Soleimani)។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

លោក Esper បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងគោរពតាមច្បាប់នៃការធ្វើសង្គ្រាម»។ នៅពេលក្រុមអ្នកកាសែតចុចសួរ តើវាមានន័យថា មិនដាក់គោលដៅវាយប្រហារលើទីតាំងបេតិកភណ្ឌរបស់អ៊ីរ៉ង់ពិតមែនទេ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកបានឆ្លើយថា «វាគឺជាអ្វីដែលបានចែងក្នុងច្បាប់ នៃជម្លោះប្រដាប់អាវុធ (សង្គ្រាម)»។ ការលើកឡើងរបស់លោក Esper ខាងលើនេះបានកើតមានក្រោយលោក ត្រាំ បានគំរាមវាយប្រហារទីតាំងបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹក ចំពោះការសម្លាប់លោក Soleimani។

គួរជម្រាបថា ការគំរាមកំហែងបែបនេះរបស់លោក ត្រាំ បានបង្កឲ្យមានការរិះគន់ធ្ងន់ៗព្រោះថា វាជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ ក្នុងការដាក់គោលដៅវាយប្រហារលើទីតាំងវប្បធម៌ ឬបេតិកភណ្ឌជាតិ-អន្តរជាតិនៃប្រទេសមួយ ជាជាងការវាយប្រហារទៅលើទីតាំងយោធា ហើយតាំងពីដើមមកគោលការណ៍របស់យោធាអាមេរិក គឺជៀសវាងការវាយប្រហារទៅលើតំបន់ ដែលមានសម្បត្តិវប្បធម៌ ក៏ដូចជាបេតិកភណ្ឌមានតម្លៃ។ យោងតាមមន្រ្តីជាន់ខ្ពស់ ពីររូបនៃរដ្ឋាភិបាលអាមេរិកនៅក្នុងរដ្ឋបាលលោក ត្រាំ កំពុងតែមានការជំទាស់យ៉ាងខ្លាំងចំពោះរឿងនេះ៕