(បាងកក)៖ ខណៈបម្រាមស្តីពីការប្រើប្រាស់ថង់ប្លាស្ទិក ត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការ កាលពីដើមឆ្នាំថ្មីនេះនៅទូទាំងប្រទេសថៃ ប្រជាជនថៃបានរិះរកវិធីសាស្រ្តខុសប្លែកពីគ្នា ដើម្បីសម្របខ្លួនទៅតាមច្បាប់ប្លាស្ទិកថ្មី នៅក្នុងប្រទេសពួកគេ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន ថៃ The Thaiger នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសនៃការចូលរួមជាធរមាននៃបម្រាមខាងលើ រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានថៃលោក វ៉ារ៉ាវុទ្ធ សិលផាអាឆា (Varavuth Silpa-archa) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ជាមួយការលើកឡើងថា វាគឺជាកាដូឆ្នាំថ្មីដ៏ធំមួយសម្រាប់ប្រទេសថៃ និងសម្រាប់ពិភពលោកទាំងមូល ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។ លោក Varavuth ក៏បានទទួលស្គាល់ដែរថា វាច្បាស់ជានឹងបង្កផលលំបាកបន្តិចបន្តួចដល់ប្រជាជន ដែលទម្លាប់ក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ប៉ុន្តែលោកជឿជាក់ថា យូរៗទៅទម្លាប់នោះនឹងអាចត្រូវផ្លាស់ប្តូរបាន។

ក្រុមហ៊ុនឯកជនសរុបចំនួន ៧៥ ក្នុងនោះរួមមានទាំងក្រុមហ៊ុនលក់ទំនិញធំៗដូចជា 7-Eleven, Big C, Robinsons, The Mall Group និង Central Group ជាដើម បានចូលរួមគាំទ្រដល់បម្រាមនេះ ដើម្បីជំរុញអតិថិជនឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផល ប្លាស្ទិកដែលប្រើប្រាស់ម្តងហើយបោះចោល ដូចជាថង់ប្លាស្ទិកជាដើម។

យុទ្ធនាការប្រយុទ្ធប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិកនៅ ក្នុងប្រទេសថៃ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះ ការប្រើប្រាស់ថង់ប្លាស្ទិកត្រូវកាត់បន្ថយ បានក្នុងបរិមាណគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំដដែលនោះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការប្រើប្រាស់ផលិតផលប្លាស្ទិក ដូចជាថង់ ប្រអប់ចំណីអាហារ ទុយោ និងកែវជ័រជាដើមនៅឆ្នាំ២០២២។

គួរជម្រាបថា ជាការឆ្លើយតបនឹងបម្រាមថង់ប្លាស្ទិកខាងលើ ប្រជាជនបានរិះរកឃើញមធ្យោបាយគួរឲ្យចាប់អារម្មណ៍ផ្សេងៗពីគ្នា ដើម្បីប្រើប្រាស់ក្នុងការទិញទំនិញ។ ខាងក្រោមគឺជារូបភាពមួយចំនួន បង្ហាញពីសកម្មភាពដើរទិញឥវ៉ាន់របស់ប្រជាជនថៃ ក្រោយបម្រាមថង់ប្លាស្ទិកបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៖