(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃច្រើនជាង១៥០កន្លែងកំពុងតែឆាបឆេះនៅតាម​រដ្ឋក្នុងតំបន់ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។

ក្នុងចំណោមភ្លើងឆេះព្រៃទាំង១៥០កន្លែង ដែលកំពុងវាយលុករដ្ឋ New South Wales និងរដ្ឋ ​Victoria របស់ប្រទេសអូស្រ្តាលី មាន​១៤កន្លែងនៅរដ្ឋ New South Wales ត្រូវបានប្រកាសអាសន្នថា មានកម្រិតគ្រោះថ្នាក់ខ្លាំង រីឯនៅរដ្ឋ Victoria មាន១៤កន្លែង។ ដោយសារតែការកើនឡើងនៃសីតុណ្ហភាព និងកម្លាំងខ្យល់បោកបក់ ភ្លើងឆេះព្រៃថ្មីជាច្រើនបានកើតឡើងជាបន្តបន្ទាប់ថែមទៀត ហើយភ្លើងឆេះព្រៃខ្លះ ដែល​កន្លងមកត្រូវទប់ស្កាត់បាន ក៏បានរីករាលដាលឡើងវិញផងដែរ។

គួរជម្រាបថា ជាទូទៅរដូវភ្លើងឆេះព្រៃនៅអូស្ត្រាលីតែងចាប់ផ្តើមមានសកម្មភាពខ្លាំងនៅដើមខែមករា ប៉ុន្តែភ្លើងឆេះព្រៃអូស្រ្តាលីនា​រដូវនេះ បានចាប់ផ្ដើមឆាបឆេះដំបូងតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក។ សរុបមកទល់ពេលនេះ វាបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២៣នាក់ និងជាច្រើននាក់បាត់ខ្លួន ព្រមទាំងបំផ្លាញផ្ទះសម្បែងច្រើនជាង ១,៥០០ខ្នង ហើយផ្ទៃដីទំហំជាង៦ម៉ឺនគីឡូម៉ែត្រក្រឡា​ត្រូវបានឆាបឆេះ។ ម៉្យាងវិញទៀត យោងតាមការប៉ាន់ស្មានរបស់សាកលវិទ្យាល័យស៊ីដនី សត្វប្រមាណ៤៨០លានក្បាលទំនងជា​បានងាប់ដោយសារតែមហន្តរាយភ្លើងឆេះព្រៃនេះ៕