(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានព្រមានថា យោធាលោកបានកំណត់គោលដៅលើទីតាំងចំនួន៥២កន្លែងរបស់អ៊ីរ៉ង់ ដែលនឹងត្រូវរងការវាយប្រហារ ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ​ កងទ័ព ឬក៏មូលដ្ឋានរបស់អាមេរិក។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានប្រកាសគំរាមធ្ងន់ៗបែបនេះនៅលើបណ្តាញសង្គម Twitter ដោយលោកបានសរសេរថា អ៊ីរ៉ងពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេរិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក Qassem Soleimani ប៉ុន្តែយោធាអាមេរិកបានកំណត់គោលដៅរួចស្រេចលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ចំនួន៥២កន្លែង ដែលអាចនឹងត្រូវរងការវាយប្រហារយ៉ាងចាស់ដៃភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពលរដ្ឋ កងទ័ព ឬមូលដ្ឋានរបស់អាមេរិក។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Soleimani ដែលជាមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ ត្រូវបានយោធាអាមេរិកធ្វើឃាត ក្នុងប្រតិបត្តិការវាយប្រហារ​តាមផ្លូវអាកាសមួយ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។ បើតាមក្រសួងការពារជាតិអាមេរិក លោក ត្រាំ គឺជាអ្នកចេញបញ្ជាដោយផ្ទាល់ឲ្យធ្វើបែបនេះ ដើម្បីទប់ស្កាត់គម្រោងវាយប្រហាររបស់អ៊ីរ៉ង់ គឺដើម្បីការពារខ្លួន។

ក្រោយពីត្រូវទីក្រុងវ៉ាស៊ីនតោនសម្លាប់មេទ័ពកំពូលម្នាក់របស់ខ្លួន មេដឹកនាំរបស់អ៊ីរ៉ង់បានព្រមានថា សហរដ្ឋអាមេរិកនឹងត្រូវ​តបស្នងតម្លៃមកវិញសម្រាប់ទង្វើដ៏អាក្រក់នោះ ខណៈមេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់បានព្រមានថា ទីតាំងឈរជើងទាំង៣៥របស់អាមេរិកនៅមជ្ឈិមបូព៌ានឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត។ ភាពតានតឹងដែលកាន់តែក្តៅគគុករវាងអ៊ីរ៉ង់និងអាមេរិកក្នុងសប្តាហ៍នេះ កំពុងតែធ្វើឲ្យអន្តរជាតិព្រួយបារម្ភថា ប្រទេសទាំងពីរអាចនឹងផ្ទុះសង្រ្គាមជាមួយគ្នាជៀសមិនផុតឡើយ៕