(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែបានសន្ទនាគ្នាតាមទូរស័ព្ទ ដោយកំឡុងពេលនោះលោក ពូទីន បានអរគុណលោក ត្រាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ ដែលបានអនុញ្ញាតឲ្យគម្រោងវាយប្រហារភេរវករនៅប្រទេសរុស្ស៊ី អាចត្រូវទប់ស្កាត់បានទាន់ពេលវេលា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

យ៉ាងណាមិញ វិមានក្រឹមឡាំងរុស្ស៊ីពុំបានបញ្ជាក់លម្អិតបន្ថែម អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំងពីរឡើយ ដោយគ្រាន់ត្រឹមតែសង្កត់ធ្ងន់ថា បញ្ហាជាច្រើនពាក់ព័ន្ធផលប្រយោជន៍រួមរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានលើកមកពិភាក្សា ហើយលោកប្រធានាធិបតីនៃប្រទេសទាំងពីរ បានឯកភាពគ្នារក្សាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ក្រោយមកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី FSB បានបញ្ជាក់ថា ព័ត៌មានដែលផ្តល់ឲ្យដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានជួយនាំទៅរកការចាប់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ ដែលបានសំងំរៀបចំគម្រោងវាយប្រហារភេរវកម្ម នៅតាមទីសាធារណៈមួយចំនួន ក្នុងទីក្រុងសេនភីធើស៍ប៊ឺក (St. Petersburg) កំឡុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

គួរជម្រាបថា កាលពីខែតុលា ឆ្នាំ២០១៩នេះ ប្រធានទីភ្នាក់ងារ FSB លោក អាឡេកសានដឺ បតនីកូវ (Aleksandr Bortnikov) បានបង្ហើបឲ្យដឹងអំពីការទាក់ទងគ្នារវាង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសទាំងពីរ ដែលបានកើនឡើងសកម្មភាពខ្លាំង ទាំងក្នុងផ្នែកសន្តិសុខព័ត៌មានវិទ្យា និងផ្នែកដទៃទៀត។ ពេលនោះលោកបាននិយាយថា សហរដ្ឋអាមេរិកបានជួយផ្តល់ព័ត៌មានអំពីបុគ្គល ដែលមានផែនការអាក្រក់ ចង់វាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។

កាលពីពីរឆ្នាំមុនទីក្រុងវ៉ាស៊ីនតោនបានផ្តល់ដំណឹងដល់ទីក្រុងម៉ូស្គូ អំពីគម្រោងបំផ្ទុះគ្រាប់បែក នៅព្រះវិហារគ្រឹស្តធំមួយក្នុងទីក្រុង St. Petersburg ខណៈរុស្ស៊ីវិញបានខិតខំជួយដល់ការស៊ើបអង្កេតរបស់អាមេរិក ជុំវិញករណីបំផ្ទុះគ្រាប់បែកក្នុងកម្មវិធីរត់ម៉ារ៉ាតុងនៅក្រុង បូស្តុន (Boston) កាលពីឆ្នាំ២០១៣៕