(អាម៉ាធី)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ កាហ្សាក់ស្ថានបានកាន់ទុក្ខមួយថ្ងៃពេញសម្រាប់មនុស្សទាំង១២នាក់ ដែលបានស្លាប់ក្នុងករណី ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅទីក្រុង Almaty នៃប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

យន្តហោះដែលបានធ្លាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាយន្តហោះដឹកអ្នកដំណើរធុន Fokker-100 របស់អាកាសចរណ៍កាហ្សាក់ស្ថាន Bek Air ដែលមានផ្ទុកមនុស្សសរុប៩៨នាក់ ក្នុងនោះមានសហសេវិកចំនួន០៥នាក់។ យន្តហោះដឹកអ្នកដំណើរនោះ បានធ្លាក់ក្រោយហោះឡើង ចេញពីអាកាសយានដ្ឋាននៃទីក្រុង Almaty របស់កាហ្សាក់ស្ថានបានតែបន្តិចប៉ុណ្ណោះ ហើយទៅចំអគារមួយខ្នង ខណៈយន្តហោះបានដាច់ ខ្លួនជាពីរ-បីកំណាត់ ប៉ុន្តែមិនបានផ្ទុះឆេះទេ។

គួរជម្រាបថា ពីដំឡូងឡើយមានសេចក្តីរាយការណ៍បឋមថា យន្តហោះខាងលើដឹកមនុស្សចំនួន១០០នាក់ និងអ្នកស្លាប់មានចំនួន១៤នាក់ តែ ក្រោយមកអាជ្ញាធរកាហ្សាក់ស្ថានក៏បានចេញមុខបញ្ជាក់តួលេខសាជាថ្មី គឺមានមនុស្សត្រឹម៩៨នាក់នៅលើយន្តហោះ ហើយ១២នាក់បាន បាត់បង់ជីវិត។ ក្រៅពីអ្នកបាត់បង់ជីវិត នៅមានជាង៥០នាក់ទៀត ដែលត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយការធ្លាក់យន្តហោះ។ កាហ្សាក់ស្ថានបានយកថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដើម្បីកាន់ទុក្ខជនរងគ្រោះ។

យោងតាមសាក្សីនៅអាកាសយានដ្ឋាននៃទីក្រុង Almaty គេសង្កេតឃើញមានការចុះអ័ព្ទយ៉ាងក្រាស់នៅក្នុងតំបន់ នាកំឡុងពេលដែលគ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើង ប៉ុន្តែមូលហេតុនៃការធ្លាក់ពិតប្រាកដ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ រីឯ យន្តហោះធុន Fokker 100 ទាំងអស់ នៅទូទាំងប្រទេសកាហ្សាក់ស្ថាន ត្រូវបានផ្អាកការហោះហើរជាបណ្តោះអាសន្នសិន ដោយត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេត៕