(បាងកក)៖ ក្រសួងថាមពលថៃនាថ្ងៃពុធនេះ បានប្រកាសពីការទម្លាក់ថ្លៃប្រេងឥន្ធនៈពីរប្រភេទ នៅក្នុងប្រទេស ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះទៅ រហូត ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីជាអំណោយនាឱកាសឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីថាមពលថៃលោក Sontirat Sontijirawong បានឲ្យដឹងដូច្នេះថា «តម្លៃប្រេងឥន្ធនៈ B10 Biodiesel និង E20 Gasohol នឹងត្រូវបញ្ចុះថ្លៃ ក្នុងអត្រាមួយបាតក្នុងមួយលីត្រ»។ បើមើល មួយភ្លែតទៅវាដូចជាតិចតួចមែន ប៉ុន្តែបើតាមលោក Sontirat ចំណាត់ការនេះនឹងត្រូវធ្វើឲ្យមូលនិធិប្រេងនៃប្រទេសថៃខាតបង់ប្រមាណជា ៨៧លានបាត (២.៨៨លានដុល្លារ) ក្នុងមួយថ្ងៃ ហើយបើរាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ការខាតបង់ នឹងកើនដល់១.៣ពាន់លានដុល្លារបាត (៤៣.១លានដុល្លារ) ឯណោះ។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីថាមពលថៃ បានគូសបញ្ជាក់ថា ទំហំនៃការខាតបង់ពីចំណាត់ការបញ្ចុះថ្លៃប្រេងនេះនឹងថ្វីឡើយ ព្រោះវាជា កាដូដែលនឹងជួយសម្រួលដល់ការចំណាយរបស់ប្រជាជនថៃ ដែលត្រូវធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ។ បច្ចុប្បន្ន ប្រេងឥន្ធនៈ B10 ស្ថិតនៅតម្លៃ២៥.៤៩បាត រីឯ E20 ស្ថិតនៅ២៤.២៤បាត ដែលតម្លៃនៅក្នុងរាជធានីបាងកក និងបណ្តាខេត្តជុំវិញ។ បើតាមគម្រោងចុះថ្លៃខាងលើ មាន័យថាពួកវានឹង ត្រូវធ្លាក់មក នៅត្រឹម២៤.៤៩បាត និង២៣.២៤បាត

គួរជម្រាបថា បន្ទាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វាស្រេចទៅលើក្រុមហ៊ុនជួញដូរប្រេងទាំងឡាយប៉ុណ្ណោះថា តើគួរដំឡើងថ្លៃប្រេងវិញ ដែរឬយ៉ាងណា ដោយអាស្រ័យទៅលើតម្លៃប្រេងពិភពលោក។ នេះបើតាមលោក Sontirat៕