(ន័រវែស)៖ នាវាយោធាថ្មីបំផុតរបស់កងទ័ពជើងទឹកប្រទេសន័រវែស ត្រូវបានផ្អាកមិនឲ្យចាកចេញកំពង់ផែឡើយ ក្រោយបញ្ហាមួយចំនួន ទាក់ ទងផ្នែកសុវត្ថិភាព ត្រូវបានរកឃើញនៅលើនាវានោះ ដែលទើបត្រូវបានដាក់ឲ្យដំណើរការកាលពីខែឧសភាកន្លងទៅ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

នាវាយោធាខាងលើឈ្មោះថា KNM Maud ជាប្រភេទនាវាខាងផ្គត់ផ្គង់និងឡូជីស្ទីករបស់កងទ័ពជើងទឹកន័រវែស ហើយវាជានាវាយោធាមានទំហំ ធំបំផុតរបស់ប្រទេសនេះ ដែលត្រូវបានផលិតឡើងក្នុងតម្លៃ២៤៦លានដុល្លារ នៅកូរ៉េខាងត្បូង។ នាវា Maud មានបន្ទប់ប្រតិបត្តិការធំមួយ មន្ទីរពេទ្យមួយមាន គ្រែចំនួន៤៤ និងទីលានឲ្យឧទ្ធម្ភាគចក្រចតបាន២គ្រឿង។

យ៉ាងណាមិញ នាវាយោធានេះត្រូវបានហាមឃាតមិនឲ្យចេញធ្វើប្រតិបត្តិការតទៅទៀត បន្ទាប់ពីក្រុមហ៊ុនវាយតម្លៃហានិភ័យអន្តរជាតិ DNV GL បានកំណត់ថា វាពុំមានសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការឡើយ ហើយបម្រាមនេះនឹងមានសុពលភាពរហូតទាល់តែ បញ្ហាជាច្រើនរបស់នាវា Maud ត្រូវ បានកែតម្រូវឡើងវិញ ដែលអាចនឹងកើតឡើងនៅឆ្នាំក្រោយ។ ក្នុងចំណោមបញ្ហាផ្នែកសុវត្ថិភាព ដែលក្រុមហ៊ុន DNV GL បានវាយតម្លៃរក ឃើញ រួមមានដូចជាទ្វារ ការបំភ្លឺភ្លើង គ្រឿងបរិក្ខាវេជ្ជសាស្រ្ត និងសម្ភារសង្រ្គោះបន្ទាន់ជាដើម ដែលបំពាក់នៅលើនាវាយោធានេះ។

ទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិន័រវែស Frank Bakke-Jensen បានប្តេជ្ញាថានឹងដោះស្រាយរាល់បញ្ហាទាំងអស់របស់នាវាយោធា Maud៕