(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃពុធនេះបានរាយការណ៍ថា ព្រះរាជអាជ្ញាទីក្រុងតូក្យូ បានចាប់ខ្លួនលោក ត្សូកាសា អាគីម៉ូតុ (Tsukasa Akimoto) សមាជិកសភាមកពីគណបក្សសេរីប្រជាធិបតេយ្យពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមហ៊ុនចិនមួយ ដែលចាប់អារម្មណ៍ក្នុងការបង្កើតកាស៊ីណូ នៅក្នុងប្រទេសជប៉ុន។ គណបក្សសេរី ប្រជាធិបតេយ្យជាបក្សកាន់អំណាចសព្វថ្ងៃ និងមាននាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ជាប្រធាន។ នេះបើតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

យោងតាម NHK លោក Akimoto ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ នៅក្នុងជួរគណៈរដ្ឋមន្ត្រីជប៉ុនរហូតដល់ខែតុលា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នលោកគឺជាអ្នកគ្រប់គ្រង និងត្រួតពិនិត្យលើគោលនយោបាយរបស់រដ្ឋាភិបាល លើគម្រោងបង្កើតកាស៊ីណូ ដែលជាផ្នែកមួយនៃផែនការរបស់លោក អាបេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍។

តែយ៉ាងណាក៏ដោយ នៅពេលសួរពាក់ព័ន្ធនឹងការចាប់ខ្លួន ការិយាល័យលោក Akimoto បានឱ្យដឹងថា ពួកគេមិនបានដឹងពីរឿងនេះទេ ហើយព្រះរាជអាជ្ញាទីក្រុងតូក្យូ ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីដែរ។ ចំណែកឯលោក Akimoto ដែលការិយាល័យរបស់លោក ត្រូវបានក្រុមរាជអាជ្ញាចុះឆែកឆេរកាលពីសប្ដាហ៍មុន ក៏ធ្លាប់បានអះអាងលើ Twitter ដែរថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ៕