(អាហ្គាដូហ្គូ)៖ ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច បានបើកការវាយប្រហារ ទៅលើប៉ុស្តិ៍យោធាស្ថិតនៅក្នុងខេត្តសួម (Soum) ភាគខាងជើងប្រទេសបួគីណាហ្វាសូ នៃតំបន់អាហ្វ្រិកភាគខាងលិច ដោយបានឆក់យកជីវិតជនស៊ីវិលស្លូតត្រង់ ក្នុងនោះភាគច្រើនជាស្ត្រីសរុបចំនួន ៣៥នាក់។ នេះបើតាមការចេញផ្សាយព័ត៌មាន ដោយ CNA នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ការវាយប្រហារខាងលើបានកើតមានឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងអាហ្គាដាហ្គូ) ខណៈប្រទេសនេះនៅតែស្ថិតក្នុងជម្លោះ ជាមួយក្រុមសកម្មប្រយុទ្ធតាមតំបន់មួយចំនួន នៅទូទាំងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលរដ្ឋាភិបាលបួគីណាហ្វាសូ មិនទាន់អាចគ្រប់គ្រងទាំងស្រុងនៅឡើយ។ ក្រោយការវាយប្រហារកើតឡើងប្រធានាធិបតីបួគីណាហ្វាសូ លោក រ៉ូច ម៉ាច កាបូរ៉េ (Roch Marc Kabore) បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលពីរថ្ងៃ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើនេះបានកើតមានឡើងមួយខែ បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតកាលពីខែវិច្ឆិកា ដែលបានផ្តាច់ជីវិតមនុស្សជិត ៤០នាក់ ស្ថិតនៅក្នុងតំបន់ដែលមានជម្លោះ ជាមួយក្រុមជនជាតិភាគតិចអ៊ីស្លាម។ រដ្ឋាភិបាលបួគីណាហ្វាសូបានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៣៥នាក់នោះគឺមាន ៣១នាក់ជាស្ត្រី ខណៈការវាយលុករបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ក៏បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធជាង ៨០នាក់ផងដែរ៕