(សេអ៊ូល)៖ រូបភាពផ្កាយរណបថ្មីនៃរោងចក្រមួយកន្លែង ជាទីដែលកូរ៉េខាងជើងផលិតបរិក្ខាយោធាប្រើប្រាស់ក្នុងការបាញ់សាកល្បងមីស៊ីល រយៈចំងាយឆ្ងាយ បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធថ្មីមួយ ខណៈមានការសន្និដ្ឋានជាច្រើនថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដគ្រាប់ រ៉ុក្កែត ឬមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅមុនចុងឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Huffpost នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

រូបភាពផ្កាយរណបជាច្រើនសន្លឹក ត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Planet Lab នៅក្នុងសប្ដាហ៍នេះ ហើយមួយក្នុងចំណោមរូបភាពទាំងនេះ ថតកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ បានបង្ហាញពីការសាងសង់រចនាសម្ព័ន្ធថ្មីមួយជាចប់ស្ថាពរ នៅឯរោងចក្រ March 16 Factory ក្បែរទីក្រុង ព្យុងយ៉ាង ជាទីដែលកូរ៉េខាងជើងត្រូវបានគេជឿជាក់ថាកំពុងអភិវឌ្ឍ និងផលិតយានយន្ដទុកសម្រាប់ប្រើប្រាស់ជាយានចល័តបាញ់មីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM។ បើតាម លោក Jeffrey Lewis ជានាយកកម្មវិធីមិនរីកសាយអាវុធនុយក្លេអ៊ែរ នៃតំបន់អាស៊ីខាងកើត មកពីវិទ្យាស្ថាន
Middlebury យានបាញ់មីស៊ីលដែលទីក្រុងព្យុងយ៉ាង ធ្លាប់ប្រើកំឡុងការធ្វើតេស្ដមីស៊ីលអន្តរទ្វីប Hwasong-14 និង Hwasong-15 កាលពីឆ្នាំ ២០១៧ ទំនងជានាំចូលពីចិន។ លោក Lewis ឱ្យដឹងទៀតថា កូរ៉េខាងជើងបាននាំចូលយានបាញ់មីស៊ីលតែ៦គ្រឿងប៉ុណ្ណោះ សម្រាប់ការធ្វើ តេស្ដមីស៊ីល ICBM ក្នុងឆ្នាំដដែល ហើយលោកជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងត្រូវការជាចាំបាច់នូវយានប្រភេទនេះពី៥០ ទៅ១០០គ្រឿងបន្ថែមទៀត។

គួរជម្រាបថា កាលពីដើមខែធ្នូកន្លងទៅនេះ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដ៏សំខាន់ចំនួនពីរ នៅឯទីតាំងធ្វើតេស្ដបាញ់បង្ហោះគ្រាប់រ៉ុក្កែត រយៈចំងាយឆ្ងាយ និងម៉ាស៊ីនមីស៊ីល Sohae។ ចំណែកឯ អ្នកជំនាញជាច្រើនជឿជាក់ថា នេះគឺជាការធ្វើតេស្ដម៉ាស៊ីនថ្មីមួយនៃមីស៊ីល ICBM ឬយានបាញ់បង្ហោះផ្កាយរណប ស្របពេលទីក្រុងព្យុងយ៉ាងប្រកាសថាខ្លួននឹងផ្ញើកាដូឱ្យសហរដ្ឋអាមេរិក នាឱកាសបុណ្យណូអែលខាងមុខនេះ ជាមួយការបញ្ជាក់ថាកាដូដែលខ្លួននឹងផ្ញើឱ្យ គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន៕