(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឱ្យដឹងថាទីក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផែនការដាក់ពង្រាយមីស៊ីល រយៈចំងាយខ្លី និងមធ្យមរបស់សហរដ្ឋអាមេរិក នៅគ្រប់ទីកន្លែងលើពិភពលោក ជាពិសេសគឺតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅឯក្រសួងការពារជាតិ លោក ពូទីន ក៏បានសង្កត់ធ្ងន់ដែរថានៅឆ្នាំ២០១៩នេះ ទីក្រុងវ៉ាស៊ីនតោន បានបំផ្លាញជា ផ្លូវការសន្ធិសញ្ញានុយក្លេអ៊ែរ INF ហើយដែលទង្វើបែបនេះបានផ្ដល់ហេតុផលឱ្យរុស្ស៊ីកាន់តែមានការប្រុងប្រយ័ត្ន។ លោកប្រធានាធិបតីរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «ចាប់ពីពេលនេះតទៅ យើងត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផែនការដាក់ពង្រាយមីស៊ីលរបស់ សហរដ្ឋអាមេរិក នៅគ្រប់ទីន្លែងទាំងអស់នៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកតែម្ដង»។ លោក ពូទីន បន្ថែមថា ខណៈតាមមើលសកម្មភាពអាមេរិក រុស្ស៊ីខ្លួនឯងក៏ត្រូវវិភាគពីសក្ដានុពលនៃការគំរាមកំហែងផ្នែកយោធា ដើម្បីងាយស្រួលចាត់វិធានការឆ្លើយ តប និងពង្រឹងសមត្ថភាពយោធាផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅដោយចោទប្រកាន់គ្នាទៅវិញ មកថាបានរំលោភលើសន្ធិសញ្ញានេះ។ INF ត្រូវបានចុះហត្ថលេខារវាងប្រទេសមហាអំណាចទាំងពីរ ក្នុងឆ្នាំ១៩៨៧ ហើយសន្ធិសញ្ញានេះមាន គោលដៅហាមឃាត់ការដាក់ពង្រាយមីស៊ីលបាញ់បានចាប់ពីចំងាយ៥៥០គីឡូម៉ែត្រ ដល់៥,៥០០គីឡូម៉ែត្រ៕