(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងរបស់ខ្លួនឈ្មោះ USS ហារីទ្រូមែន (Harry Truman) បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា ជំនួសនាវាដឹកយន្តហោះចម្បាំង អាប្រាហាម លីងខុន (Abraham Lincoln) ហើយ។

២៖ នាថ្ងៃអង្គារនេះ រុស្ស៊ីបានសម្រេចដោះលែងទូកនេសាទជប៉ុនចំនួន៥គ្រឿង ដែលត្រូវបានរឹបអូសទុកក្បែរតំប ន់ប្រជុំកោះ Kuril ដែល នៅចន្លោះឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី និងកោះហុកកៃដូនៃប្រទេសជប៉ុន។

៣៖ ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាព សកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ។

៤៖ យន្តហោះចម្បាំងស៊េរីទំនើបមួយគ្រឿង របស់កងទ័ពអាកាសរុស្ស៊ី នៃតំបន់ភូមិភាគយោធាចុងបូព៌ាប្រទេស បានធ្លាក់នៅតំបន់ខុមសូមូលក៍ (Komsomolsk) ចម្ងាយ ១២០គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស ឌីហ្សិមគី (Dzemgi)។

៥៖ ចំនួនមនុស្សស្លាប់បានកើនដល់២៦នាក់ និងអ្នករបួសគឺ១៣នាក់ ក្នុងករណីរថយន្តក្រុងបើកធ្លាក់ជ្រោះនៅប្រទេសឥណ្ឌូណេស៊ី ។

៦៖ ក្រុមសកម្មប្រយុទ្ធបានព្យាយាមវាយប្រហារមូលដ្ឋានទ័ពអាកាស ហាមៃមីម (Hmeimim) របស់រុស្ស៊ីនៅក្នុងទឹកដីប្រទេសស៊ីរី ដោយប្រើប្រាស់យន្តហោះដ្រូន ហើយឧបករណ៍ប្រភេទនេះពីរគ្រឿងរួចទៅហើយត្រូវបានបាញ់កម្ទេច៕